ភ្នំពេញ៖ អ្នកចាំទីដែលជាកូនខ្មែរកាត់ថៃទៅរស់នៅប្រទេសបារាំង បានប្រកាសនៅលើបណ្តាញសង្គមពីការភ្ជាប់ពាក្យជាមួយ ពាក្យជាមួយកីឡាការិនីហែលទឹក ហែមថុន វិទីនី នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលជាអតីតគូស្នេហ៍ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នឹងខ្សែការពារ សំអឿន ពិដោរ។
អេឡិច យូ បានកើតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៤ នៅភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ។ កើតបាន១ឆ្នាំ អេឡិច បានទៅរស់នៅប្រទេសបារាំង ហើយធ្លាប់មកលេងកម្ពុជា បាន ៣ទៅ៤ដងប៉ុណ្ណោះ មុនពេលសម្រេចចិត្តលេងឱ្យក្លិបភ្នំពេញក្រោន នៅឆ្នាំ២០១៨។
អេឡិច យូ ធ្លាប់ជាប់ជាសមាជិករបស់ក្រុម U14 ជម្រើសជាតិបារាំង និងបានបង្ហាញខ្លួនបាន ៤ដងផងដែរ នៅគ្រានោះ។ ស្ថិតក្នុងវ័យកុមារ នៅទឹកដីនៃប្រទេសដែលជឿនលឿនលើវិស័យបាល់ទាត់ គេបានចូលលេងឱ្យក្រុម Toulouse ចាប់ពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១០។ ឈានដល់អាយុ១៨ឆ្នាំ បានផ្ទេរទៅលេងឱ្យក្លឹប US Colomiers FC ដែលជាសមាជិកលីគទី៤ របស់បារាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២។ ក្រោយមកទៀតក៏បានទៅលេងឱ្យក្រុមToulouse Fontaines FC (សមាជិកលីគទី៤បារាំង) ក្នុងរយៈពេល ១ឆ្នាំ (ឆ្នាំ២០១៣)។
សូមបញ្ជាក់ផងដែរថា អេឡិច យូ បានចាប់ផ្ដើមដំបូងនៅកម្ពុជា នាឆ្នាំ២០១៨ ដោយចូលរួមជាមួយភ្នំពេញក្រោន លេងបាន ១រដូវកាល រហូតដល់រដូវកាលបន្ទាប់បានផ្លាស់ទៅចូលរួមជាមួយ បឹងកេត លេងបានមួយរដូវកាលដូចគ្នា មុនប្រកាសចូលនិវត្តន៍នៅឆ្នាំ២០២០ នេះ៕
អត្ថបទ៖ មៃ ចាន់បុត្រ