ភ្នំពេញ៖ លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានឆ្លើយតបនឹងសំនួររបស់អ្នកគាំទ្រអំពីកុមារមាស ចាន់ វឌ្ឍនាកា ថាគាត់បានតាមដានកីឡាកររូបនេះប្រឹងប្រែងហ្វឹកហាត់រហូតស្រកទម្ងន់អស់៣គីឡូក្រាម។
គ្រូវ័យ ៣១ ឆ្នាំរូបនេះ បានឆ្លើយនឹងសំណួរនេះរបស់អ្នកគាំទ្រ នៅក្នុងកម្មវិធីសំណេះសំណាលបាល់ទាត់ ដែលផ្សាយផ្ទាល់នៅលើទំព័រផេកផ្លូវការរបស់ FFC ថា ៖ ខ្ញុំតែងតែតាមដានចំពោះ ចាន់ វឌ្ឍនាកា ហើយបានដឹងទៀតថា វឌ្ឍនាកា មានសមត្ថភាព និងទេពកោសល្យល្អ ខណៈមូលហេតុដែលមិនជ្រើសយកគេក្នុងការប្រកួតចុងក្រោយរបស់ជម្រើសជាតិនៅឆ្នាំនេះគឺដោយសារតែបញ្ហារបួស។
បុរសសញ្ជាតិអាហ្សង់ទីនបានរៀបរាប់ទៀតថា ៖ លោកសង្ឃឹមថា វឌ្ឍនាកា នឹងធ្វើបានល្អនៅក្នុងកំឡុងការហ្វឹកហាត់ និងការប្រកួត (Pre-Season) ជាមួយក្លិបបឹងកេត ហើយឱកាសក្នុងក្រុមជម្រើសជាតិរង់ចាំគេជានិច្ច។
ដូច្នេះហើយ វឌ្ឍនាកា នឹងអាចវិលមកជួយក្រុមជម្រើសជាតិវិញឆាប់ៗនេះ បើសិនជាគាត់បង្ហាញខ្លួនបានល្អជាមួយក្រុម បឹងកេត ក៏ដូចជាប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងជាងមុន៕
អត្ថបទ៖ មៃ ចាន់បុត្រ