ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិនឹងដើរតួជាទីតាំងសម្រាប់ព្រះខ័នរាជស្វាយរៀង ដើម្បីប្រើប្រាស់ក្នុងការប្រកួតជម្រុះ AFC Cup រដូវកាល២០២០ នៅខែមករា ខាងមុខ ដោយត្រូវទទួលក្លិប Master 7 ដែលជាក្រុមជើងឯកលីគកំពូលឡាវ។
នេះមិនមែនជាលើកទីមួយទេដែលទីលានតំណាងជាតិមួយនេះ ត្រូវបានទទួលរៀបចំពានរង្វាន់ក្លិបកម្រិតអាស៊ីខាងលើ ដោយកន្លងមក បឹងកេត នឹងណាហ្គាវើលដ៍ ក៏ប្រើប្រាស់សម្រាប់ការប្រកួតរៀងៗខ្លួនតាំងពីវគ្គជម្រុះដល់វគ្គចែកពូល។
សម្រាប់ក្រុមកម្ពុជានេះ មុនឆ្លងដល់វគ្គចែកពូល ព្រះខ័នរាជស្វាយរៀង ត្រូវបំពេញភារកិច្ចនៅវគ្គ Play-Off ជាមុនសិនដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២២ ខែមករា សម្រាប់ជើងទីមួយ និងជើងទីពីរ នៅរដ្ឋធានីវៀងចន្ទន៍ មួយសប្ដាហ៍បន្ទាប់ ដែលត្រូវតទល់នឹងក្រុម Master 7 ។
សូមបញ្ជាក់ថា ក្រុមដែលឈ្នះក្នុងចំណោមភាគីទាំងពីរ នឹងត្រូវចូលក្នុងពូល G ដែលមាន ៣ក្រុម រួចហើយ ដូចជា Ceres Negros របស់ហ្វីលីពីន, ក្រុមវៀតណាម Than Quang Ninh និងក្រុមឥណ្ឌូនេស៊ី Bali United ៕
អត្ថបទ៖ មៃ ចាន់បុត្រ