ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការនៃការសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ វ៉ា សុខថន ក្រោយរួមរស់ជាមួយក្លិបពេញមួយរដូវកាល២០១៩។
ខ្សែបម្រើ វ័យ ៣២ឆ្នាំ រូបនេះ បានបង្ហាញខ្លួនយ៉ាងល្អ នៅរដូវកាលនេះជាមួយ ភ្នំពេញក្រោន ដោយឈ្នះជ័យលាភីកីឡាករទាត់បញ្ចូលទីច្រើនជាងគេ ជាមួយគ្រាប់បាល់ ១១គ្រាប់ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ខណៈបង្ហាញខ្លួនបានចំនួន ២២ប្រកួត ក្នុងលីគកំពូលកម្ពុជា នឹងរកបាន ២គ្រាប់ និងបញ្ចូនបាល់ ៥លើក។
ដូច្នេះ វ៉ា សុខថន អាចស្វែងរកក្លិបថ្មីបាន ចាប់ពីពេលនេះតទៅ ខណៈដែលទីផ្សារដោះដូរកីឡាករនៅកម្ពុជាកំពុងមរមាញឹកក្នុងក្របខណ្ឌបាល់ទាត់កំពូលកម្ពុជា នារដូវកាល២០២០នេះ៕
អត្ថបទ៖ មៃ ចាន់បុត្រ