ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចុះកិច្ចសន្យាជាមួយកីឡាករ Thiago De Jesus Dos Santos សម្រាប់ការចូលរួមជាមុនបើករដូវកាលថ្មីនេះ។
កីឡាករប្រេស៊ីលរូបនេះ ធ្លាប់លេងឲ្យក្លិបជាច្រើននាប្រទេសកំណើតរបស់ខ្លួន ក៏ប៉ុន្តែមិនបានជោគជ័យនោះទេ ពោលគឺភាគច្រើនមិនបានបង្ហាញខ្លួន។ ក្លិបដែលកីឡាករវ័យ ៣១ឆ្នាំនេះ ធ្លាប់ចូលរួមមាន Internacional, Santos, FC Arouca, Navegantes, Marília, Atlético Paranaense, Cascavel, Ipatinga, Novorizontino, Juventude, Mirassol នាក្លិបប្រេស៊ីល ដោយសារមិនសូវបានបង្ហាញខ្លួន ពោលគឺ ១១ក្លិបមកនេះ លេងបានតែ ២២ប្រកួតប៉ុណ្ណោះ ក៏ប្តូមកប្រទេសថៃជាមួយក្លិប Samutsongkhram នៃលីគទី២ថៃ នាឆ្នាំ ២០១៧ នឹងឆ្នាំ២០១៨ ផ្លាស់មក Rayong ក៏មិនបានបង្ហាញខ្លួនទៀត ក៏បន្តផ្លាស់មកក្លិប Thai Honda បង្ហាញខ្លួនបាន ១៨ប្រកួត រកបាន ១គ្រាប់។
សូមបញ្ជាក់ថាកីឡាករប្រស៊ីល Thiago រូបនេះគឺជាកីឡាករបរទេសថ្មីទី១ របស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលនាំចូលដើម្បីត្រៀមនារដូវកាលថ្មី ២០២០ ក្របខណ្ឌបាល់ទាត់កំពូលកម្ពុជា ដែលត្រៀមចាប់ផ្តើមពាក់កណ្តាលខែកុម្ភៈខាងមុខ៕
អត្ថបទ៖ មៃ ចាន់បុត្រ