ព្រះខ័នរាជស្វាយរៀង នាំចូលកីឡាករចាស់វស្សាម្នាក់ទៀត បន្ទាប់ពី ឈិន ឈឿន

0

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញសមាជិកថ្មីដែលមានវ័យជ្រេទៅហើយ ពោលគឺខ្សែការពារ ទៀង ទីនី ដែលជាប្រធានក្រុម វិសាខា នារដូវកាលមុន មកចូលរួមជាមួយក្លិបនារដូវកាល ២០២០ ដើម្បីមកពង្រឹងក្រុមបន្ថែមទៀត នឹងដើម្បីការពារតំណែងជើងឯកផងដែរ។
យើងបានដឹងមកហើយថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀង បានចុះកិច្ចសន្យាជាមួយកីឡាករកំពូលល្បឿន ឈិន ឈឿន ពីក្លិបបាល់ទាត់ក្រសួងការពារជាតិ ហើយពេលនេះក៏បានប្រកាសពីការនាំយកកីឡាករ ទៀង ទីនី មកម្នាក់បន្ថែមទៀត ដែលអ្នកទាំងពីរ សុទ្ធតែមានអាយុជ្រេបន្តិចទៅហើយ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ បើយោងតាមសមត្ថភាព ទៀង ទីនី នៅតែល្អរនាំងដ៏រឹងមាំដដែល កាលពីរដូវកាលមុន ដោយរូបគេបង្ហាញខ្លួនស្ទើតែគ្រប់ការប្រកួតទាំងអស់ជាមួយ វិសាខា។ ការប្រកាសសមាជិកថ្មីនេះដែរ គឺជាលើកទីបីហើយសម្រាប់ក្រុមជើងឯកពីរសម័យកាសមួយនេះ ដែលកីឡាករដំបូងគឺ ស៊ាន ភីសា ពីក្លិបបាល់ទាត់អគ្គិសនីកម្ពុជា។
គួរំលឹកផងដែរថា ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អកាលពីរដូវកាលមុន ដោយការប្រកួតពេញមួយរដូវកាល ចាញ់ត្រឹម ១ដង ប៉ុណ្ណោះ ជាមួយក្រុម ណាហ្គាវើល ដោយលទ្ធផល ២ទល់០ ហើយគឺជាជំនួបចុងក្រោយបង្អស់មុនបញ្ចប់លីគ។ លោក Conor Nestor ក៏បានបង្ហើបផងដែរថានឹងបន្តនាំចូលកីឡាករម្នាក់ទៀត ដែលជាកីឡាករបរទេសមុនទីផ្សារត្រូវបិទ៕