ក្លិបមេឃខៀវត្រូវបានគេរាយការណ៍ឲ្យដឹងថា បានឈានចូលការចរចារជាមួយ Raheem Sterling លើកុងត្រាថ្មី ដោយដាក់បញ្ចូលនូវទឹកប្រាក់ជូន ៣សែនផោនក្នុងមួយសប្តាហ៍ផងដែរ។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ កាលពីឆ្នាំមុនបានចុះហត្ថលេខាថ្មី ដោយចងគាត់ឲ្យនៅជាមួយក្លិបរហូតដល់ឆ្នាំ ២០២៣ ។
ប៉ុន្តែទម្រង់លេងរបស់ Sterling នៅឆ្នាំ ២០១៩ ដែលបាន ធ្វើឲ្យ រូបគេរកបាន ៥៣ គ្រាប់ និងបញ្ចូនបាល់ជូនក្រុមផ្តាច់ទីជាច្រើន ដែលរកបានច្រើនជាង Lionel Messi និង Cristiano Ronaldo ហើយកំពុងក្លាយជាកីឡាករដែលក្លិប Real Madrid ចិញ្ចឹមចិត្តចង់បាន។
The Mirror បានចុះផ្សាយថា ម្ចាស់ជើងឯក Premier League បានចាប់ផ្តើមចរចាដើម្បីបន្តកិច្ចព្រមព្រៀង ជាមួយកីឡាករអាយុ ២៤ឆ្នាំរូបនេះ ។
Raheem Sterling បានក្លាយជាកីឡាករទីបី ក្នុងលីកកំពូលអង់គ្លេស ដែលទទួលបានប្រាក់កម្រៃប្រចាំសប្តាហ៍ច្រើន ដោយនៅពីក្រោយកីឡាករ Mesut Ozil និង David De Gea ៕