នៅថ្ងៃពុធទី១៣ខែវិច្ឆិកានេះ The Sunsports បានសរសេរថា កីឡាករសំខាន់២រូបរបស់ក្លឹបដូចជា Paul Pogba និងខ្សែការពារ Eric Bailly គឺកៀកនឹងអាចត្រឡប់ចូលមកហ្វឹកហាត់វិញហើយ ដើម្បីជួយស្តារស្ថានភាពយ៉ាប់យ៉ឺន របស់លោក Solskjaer។
ជាមួយនឹងកាលវិភាគដ៏មមាញឹកក្នុងពេលខាងមុខ គិតចាប់ពីថ្ងៃទី២៤ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ខែធ្នូ ក្លឹបនឹងត្រូវប្រកួតដល់ទៅ១២ដង ដែលមានន័យថាលោក Solskjaer ត្រូវតែផ្លាស់ប្តូរកីឡាករជម្រើស១១នាក់ច្រើនលើក និងច្រើនប្រកួតជាមិនខាន ហើយចាំបាច់ពួកគេត្រូវតែមានសុខភាពល្អគ្រប់គ្រាន់ ក្នុងរយៈពេលដ៏សំខាន់នេះ។
តាមការចេញផ្សាយរបស់ ESPN បានបញ្ជាក់ដូចគ្នានេះដែរថា Bailly នឹងអាចត្រឡប់មកវិញក្រោយបញ្ចប់បេសកកម្មរបស់ជម្រើសជាតិ ខណៈដែល Pogba បានកាត់ថ្នេររបួសជើង កាលពីថ្ងៃម្សិលមិញនោះ ក៏នឹងអាចវិលមកហ្វឹកហាត់វិញបានដែរ។
ខ្សែការពារ Bailly រូបនេះបានអវត្តមានសម្រាប់ក្លឹប គិតចាប់តាំងពីខែកក្កដាកន្លងទៅ ក្នុងការប្រកួតចុងក្រោយជាមួយនឹង Spurs ហើយ Pogba វិញបានចាប់ផ្តើមសម្រាកព្យាបាល និងវះកាត់របួសតាំងតែពីថ្ងៃទី៣០ខែកញ្ញា៕
ប្រែសម្រួល:Lee