សមាគមបាល់ទាត់អាហ្សង់ទីន ហៅកាត់ថា AFA បានប្រកាសកាលពីថ្ងៃពុធនេះថា អាហ្សង់ទីននឹងត្រូវជួបប្រកួតជាមួយនឹងប្រទេសអាល្លឺម៉ង់ និងអេក្វាឌ័រ ក្នុងការប្រកួតមិត្តភាពនៅខែក្រោយ ដែលជាផ្នែកមួយនៃការរៀបចំរបស់ពួកគេ សម្រាប់ការត្រៀមប្រកួតជម្រុះ World Cup ឆ្នាំ២០២២ ។
អាហ្សង់ទីននឹងត្រូវជួបជាមួយអាល្លឺម៉ង់ នៅទីក្រុង Dortmund នាថ្ងៃទី ៩ ខែតុលា និងអេក្វាឌ័រ ដែលមិនទាន់កំណត់បានកន្លែងប្រកួត ហើយនឹងត្រូវបានគេធ្វើការបញ្ជាក់នៅ ៤ ថ្ងៃក្រោយ។
ការប្រកួតនឹងក្លាយជាឱកាសចុងក្រោយមួយ សម្រាប់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Lionel Scaloni ដើម្បីសាកល្បងក្រុមរបស់លោក មុនការប្រកួតជម្រុះបាល់ទាត់ពិភពលោក នៅតំបន់អាមេរិកខាងត្បូង ឬCONMEBOLដែលនឹងចាប់ផ្តើមនៅខែមីនាខាងមុខនេះ។
អាហ្សង់ទីននឹងមិនមានប្រធានក្រុមរបស់ពួកគេ និងកីឡាករ Lionel Messi ឡើយគ្រប់ពេលសម្រាប់ការប្រកួតមិត្តភាព ខណៈដែលគាត់កំពុងបន្តស្ថិតនៅក្នុងការព្យួររយៈពេល ៣ខែ ក្រោយពេលដែលបានធ្វើការចោទប្រកាន់ថា CONMEBOLបានប្រព្រឹត្តសកម្មភាពពុករលួយ ក្នុងព្រឹត្តិការណ៍ Copa America ក្នុងខែកក្កដាកន្លងមកនៅប្រេស៊ីល៕
ប្រែសម្រួល:Lee