ច្បាស់ហើយជំនួបជាមួយនឹង Astana នឹងមិនមានវត្តមានរបស់ James, Pogba និង Martial ឡើយ

0

ក្លឹបបិសាចក្រហម Man United រដូវកាលនេះហាក់ដូចជាមិនទាន់ឃើញមានស្ថានភាពល្អប្រសើរវិញនៅឡើយក្រោយពេលដែលខ្លួនកំពុងមានវិបត្តិកីឡាកររបួសនោះ។Daniel James, Paul Pogba, Luke Shaw និង Anthony Martialផងដែលស្ថិតនៅក្នុងចំណោមកីឡាកររបួសនិងមិនអាចបង្ហាញវត្តមានឲ្យក្លឹបក្នុងការប្រកួតពានរង្វាន់ Europa League ឡើយ។

បិសាចក្រហម Man United នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Astana ក្នុងការប្រកួត Europa League នៅថ្ងៃព្រហស្បតិ៍នេះដោយក្នុងនោះគ្រូបង្វឹកក្លឹបក៏បានចេញមុខមកប្រកាសអះអាងដែរថាកីឡាករ Pogba និង Martial សុទ្ធតែមិនអាចបង្ហាញខ្លួនបាននៅឡើយទោះបីជាពួកគេបានអវត្តមានរួចមកហើយកាលពីប្រកួតជាមួយនឹង Leicester City កាលពីយប់ថ្ងៃសៅរ៍។

Luke Shaw ខ្សែការពារស្លាបឆ្វេងដែលបានព្យាបាលរបួសគិតចាប់តាំងតែពីការប្រកួតខែមុនប៉ះនឹង Crystal Palace នៅមិនទាន់អាចចូលមកហ្វឹកហាត់វិញនៅឡើយខណៈដែល James ក៏ដូចគ្នាប៉ុន្តែសង្ឃឹមថាកីឡាករខ្សែប្រយុទ្ធចំណូលថ្មីវេលរូបនេះនឹងអាចបង្ហាញខ្លួនទាន់ពេលប្រកួតក្នុងលីកប៉ះនឹងញញួរធំ West Ham ថ្ងៃពុធសប្តាហ៍ក្រោយ៕

ប្រែសម្រួល:Lee