ប្រធានក្លឹប Inter Milan លោក Giuseppe Marotta ត្រូវបានគេជឿជាក់ថានៅតែមិនទាន់បោះបង់ចោលការងារចចារទិញយកខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Lukaku ពីក្លឹបបិសាចក្រហម Man United ឡើយទោះបីជាពេលនេះកីឡាករបានបង្ហាញខ្លួនក្នុងឈុតកីឡាករទៅប្រកួតមុនរដូវកាលទៅហើយក្តី។
គេជឿជាក់ដែរថាកីឡាករផ្ទាល់ក៏មិនបោះបង់បំណងចង់ផ្លាស់ទៅលេងជាមួយនឹងគ្រូបង្វឹកថ្មីរបស់ Inter Milan និងជាអតីតគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Antonio Conte នៅឯកីឡាដ្ឋាន San Siro ទោះបីជាពេលនេះខ្លួនកំពុងបង្ហាញខ្លួនឲ្យក្លឹបបិសាចក្រហមធ្វើដំណើរទៅប្រកួតមិត្តភាពជាច្រើនមុនបើករដូវកាលនៅអូស្ត្រាលីនិងប្រទេសផ្សេងទៀតផងដែរក្តី។
លោក Giuseppe Marotta បានបញ្ជាក់សាជាថ្មីហើយថាក្រុមការងារនៅតែបន្តដំណើរការចចារនៅឡើយជាមួយនឹងខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បាន៤២គ្រាប់ក្នងការបង្ហាញខ្លួនបាន២រដូវកាលឲ្យក្លឹប Man United រូបនេះដោយជឿជាក់ថាត្រូវត្រៀមលុយយ៉ាងហោចណាស់ ៧៥លានផោន ដែលលោក Solkjaer ចង់បានពីតម្លៃខ្លួនកីឡាករនោះ៕
ប្រែសម្រួល:Lee