លោក Maurizio Sarri បានចាកចេញពីតោខៀវជាផ្លូវការហើយ ដោយទៅគ្រងតំណែងជាគ្រូបង្វឹករបស់ Juventus ដោយកុងត្រារយៈពេល ៣ឆ្នាំ ជាមួយក្លិប ។នេះបើតាមការបញ្ជាក់របស់ក្លិប juventus ។
លោក Sarri បានបំពេញកាតព្វកិច្ចរយៈពេល១ឆ្នាំ ក្នុងចំណោមកុងត្រា ៣ឆ្នាំជាមួយតោខៀវ តែពេលនេះ ឈានដល់ការព្រមព្រៀង ដោយតម្រូវឲ្យ លោកទៅដឹកនាំក្លិប Juventus វិញ ក្នុងក្របខណ្ឌ ស៊េរីអេ អ៊ីតាលី ។ កាលពីរដូវកាល 2017-18 គាត់បានដឹកនាំ Napoli ឡើងមកកាន់ តំណែងលេងរៀងទី២ ។
ជាច្រើនខែមកនេះ អនាគតដឹកនាំរបស់លោក ត្រូវបានរងការសង្ស័យថា នឹងចាកចេញពីតោខៀវ ដោយជំនួសមកវិញនូវ Frank Lampard ។
នាយគ្រប់គ្រងរបស់តោខៀវលោក Marina Granovskaia បាននិយាយថា នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League លោក Maurizio គាត់បាននិយាយថា គាត់មានបំណងចង់វិលទៅកាន់ទឹកដីអ៊ីតាលីវិញ ដើម្បីជួបជុំគ្រួសារវិញ ហើយក៏មានកន្លែងសំខាន់កំពុងរងចាំគាត់ ។ ម្យ៉ាងវិញទៀតវានៅជិតគ្រួសារផង និងពិសេសបាននៅជិតឪពុកម្តាយដែលចាស់ៗ ។
លោក Marina Granovskaia បានបន្តថា យើងគួរតែអរគុណគាត់ ដែលបានជួយឲ្យក្លិបឈរនៅលេខរៀងទី៣ ដូចអ្វីដែលគាត់បានធ្វើ នៅលើ ទឹកដីអ៊ីតាលីផងដែរនោះ និងជូនពរឲ្យអនាគតរបស់គាត់កាន់តែល្អ ៕