នគរបាល​ចុះ​ស្រាវជ្រាវ​ករណីបាញ់​បោះ​ជា​ច្រើន​គ្រាប់​នៅខា​រ៉ាអូវ​ខេប៊ីហ្គោលក្នុងក្រុង​តាខ្មៅ

0

កណ្ដាល៖ ក្រោយពី​មានការ​បាញ់បោះ​ជាច្រើន​គ្រាប់ នៅហាងខារ៉ា​អូខេប៊ីហ្គោល នគរបាល​ក្រុងតាខ្មៅ ដឹកនាំ​ដោយលោក ស កែវពិសិដ្ឋ អធិការ​នគរបាលក្រុង បានចុះធ្វើ​ការស្រាវជ្រាវ ពិនិត្យ​កន្លែង​កើតហេតុ និងដក​ហូតបាន​ស្រោមកាំ​ភ្លើងខ្លី​ចំនួនមួយ និងសំបកការ​ទុសមួយ​ចំនួន ខណៈដែល​ជនដៃ​ដល់ជា​ខ្មាន់កាំភ្លើង​រត់គេច​ខ្លួនបាត់ ។

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាករណីនេះ បង្កការ​ភ្ញាក់ផ្អើល​ឡើង នៅវេលាម៉ោង​១០យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច​ហាងខារ៉ាអូខេ យីហោ (ប៊ីហ្គោល) ស្ថិតតាម​បណ្ដោយ​ផ្លូវលេខ១១៥ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាល​ក្រុងតាខ្មៅ បានឲ្យដឹងថា ជនដៃ​ដល់ជាខ្មាន់​កាំភ្លើងបើក​ការបាញ់​ប្រហារឈ្មោះ សាន សុច ជាមន្រ្ដីយោធា តែពុំដឹងបម្រើការ​នៅអង្គភាព​ណានោះទេ ។

ប្រភពដ​ដែលបន្ដថា នៅមុនពេល​កើតហេតុ ជនដៃដល់​ជាខ្មាន់កាំភ្លើង និងបក្ខពួក​៤ទៅ៥នាក់ បាននាំគ្នា​ចូលទៅច្រៀង​លេងកំសាន្ដ នៅក្នុង​ហាងខារ៉ាអូខេ យីហោ ប៊ីហ្គោល ។ បន្ទាប់ពីផឹកស្រា​ស្រវឹងជោគជាំ មិនដឹងថា ជនដៃដល់​ជាខ្មាន់កាំភ្លើង​ខាងលើនេះ ខឹងសម្បារទៅ​នឹងរឿងអ្វី​នោះទេ ​ក៏បានទាត់ធាក់​ធុងទឹកកក​បែកអស់មួយ ក្រោយមកក៏​គិតលុយប​ម្រុងចេញមកផ្ទះ ខណៈមើល​បុងគិតលុយ ស្រាប់តែឃើញ​គិតថ្លៃធុង​ទឹកកកដែល​ខូចខាត ភ្លាមនោះ ជនដៃដល់​ក៏ផ្ទុះក្ដីខឹង​សម្បារជា​ថ្មីម្ដងទៀត រួចរត់ចេញមកក្រៅ សំដៅមករក​ម៉ូតូរបស់ខ្លួន ហើយដក​កាំភ្លើងពី​ក្នុងកែបម៉ូតូ បាញ់ប្រហា​រឡើង​លើចំនួន៤គ្រាប់ បន្ទាប់មក អូសម៉ូតូចេញមកផ្លូវ មិនអស់ចិត្ដ ក៏បាញ់បន្ថែម​មួយគ្រាប់ទៀត បណ្ដាលឲ្យត្រូវ​រថយន្ដរបស់​ពលរដ្ឋដឹក​ទំនិញកំពុង​ធ្វើចរាចរណ៍ ទើបជនដៃ​ដល់រូបនេះ បិតសាប៊ូកែ​ងរត់គេច​ខ្លួនបាត់ តែពុំបណ្ដាលឲ្យ​នរណាម្នាក់ ត្រូវរបួសនោះទេ ។

តាមការ​បញ្ជាក់ពី​សមត្ថកិច្ច​បានឲ្យ​ដឹងថា សមត្ថកិច្ចបាន​ស្គាល់អត្ដ​សញ្ញាណជន​ដៃដល់​ហើយ តែសុំមិន​បញ្ចេញទេ ព្រោះទុកស្រាវជ្រាវ ដើម្បីចាប់ខ្លួន​ជននេះ យកមកផ្ដន្ទាទោស​តាមច្បាប់ ៕