ប្រភពព័ត៌មានរបស់អេស្បាញដែលបាននិយាយថាប្រធានក្រុមអធិរាជស Real Madrid កីឡាករ Sergio Ramos ដែលអវត្តមានក្នុងការប្រកួតជើងទី២ចាញទៅនឹងក្រុម Ajax យ៉ាងស្ពឹកមុខនោះបានប៉ះទង្គិចពាក្យសម្តីជាច្រើនជាមួយនឹងប្រធានក្លឹបលោក Florentino Perez។
ប្រភពដដែលនេះបានថែមទាំងធ្វើការអះអាងថាប្រធានក្រុមអេស្បាញរូបនេះបានឈ្លោះគ្នាជាមួយនឹងប្រធានក្លឹបលោក Perez នៅឯបន្ទប់កីឡាករនៅក្រោយពេលប្រកួតចាញ់ Ajax ទាំងគួរឲ្យភ្ញាក់ផ្អើលហើយលើសពីនេះគេថែមទាំងបានធ្វើការព្រមានថាចាកចេញពីក្លិបនាពេលខាងមុខផងដែរ។
កីឡាករ Ramos ដែលបានចុះហត្ថលេខាជាមួយនឹង Real Madrid កាលពីឆ្នាំ២០០៥ ផ្លាស់មកពីក្លឹប Sevilla នោះបានជួយឲ្យក្លឹបនេះលើកពានរង្វាន់ធំៗដល់ទៅ១៤លើកមិនសូវមានព័ត៌មានបញ្ហាជាមួយនឹងក្លឹបឡើយរហូតមកដល់ពេលចុងក្រោយនេះគេបានធ្វើការរិះគន់ខ្លាំងៗទៅលើគណកម្មការគ្រប់គ្រងក្លឹបដែលជាអ្នកបានធ្វើឲ្យក្លឹបកំពុងធ្លាក់ខ្សោយជាងមុន៕
ប្រែសម្រួល:Lee