គ្រូបង្វឹក PSG លោក Thomas Tuchel បានធ្វើការការពារ Kylian Mbappe ក្រោយកីឡាកររូបនេះ ទទួលបានកាតក្រហម អំឡុងពេលមានជម្លោះជាមួយកីឡាករបម្រើរបស់ Nimes ។
ម្ចាស់ពាន World Cup កីឡាករ Kylian Mbappe ត្រូវបានបណ្តេញចេញបន្ទាប់ពីប្រើប្រាស់កាយវិការរុញច្រានកីឡាករ Teji Savanier ដែលជាបម្រើរបស់ក្លិប Nimes ខណៈដែលក្រុមជើងឯកក្នុងលីគបារាំង បានយកឈ្នះគូប្រជែងក្នុងលទ្ធផល 4-2 កាលពីរាត្រីថ្ងៃសៅរ៍ ។
កីឡាករវ័យ ១៩ឆ្នាំរូបនេះ បានជួយស្វែងរកគ្រាប់បាល់ទី៣ ជូនក្លិប មុននឹងមានជម្លោះចុងក្រោយជាមួយ កីឡាករម្ចាស់ផ្ទះខាងលើ នៅនាទី ៩០ ដោយអាជ្ញាកណ្តាលហូតកាតក្រហមម្នាក់មួយ។
គ្រូបង្វឹករបស់ក្លិបយក្សបារាំងលោក Thomas Tuchel បានមានប្រសាសន៍ថា វាជាកំហុសដ៏អាក្រក់មួយ គាត់មានសំណាងហើយដែលមិនមានរបួសអ្វីធ្ងន់។ លោកបន្តថា លោកចង់ឲ្យកូនក្រុមលោក លេងក្នុងស្ថានភាពស្ងប់ស្ងាត់មួយ ប៉ុន្តែស្ថានភាពនោះ កើតឡើង គាត់ស្ថិតក្នុងភាពយុវវ័យ ទើបទប់ចិត្តមិនបាន ។ តែទោះជាយ៉ាងណាខ្ញុំមិនខឹងគាត់នោះទេ តែមានអារម្មណ៍ខកចិត្តប៉ុណ្ណោះ៕