ភ្នំពេញ៖ អ្នកគាំទ្រវិស័យកីឡាដ៏ស្មោះស្ម័គ្រ និងជាបុគ្គលរើសសំរាមជួយដល់បរិស្ថាន ពូឈីវ បានធ្វើកាស្នើសុំដល់សហព័ន្ធបាល់ទាត់កម្ពុជា ឲ្យបញ្ចូលទស្សនីយភាពល្ខោនខោលខ្មែរ ក្នុងជំនួបការប្រកួតមិត្តភាពរវាងកម្ពុជា និងម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ ។
ពូឈីវ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា ខ្ញុំបាទ ពូឈីវ អ្នកស្ម័គ្រចិត្តគាំទ្រកីឡាជាតិកម្ពុជា សូមសំណូមពរដល់ សហព័ន្ធបាល់ទាត់កម្ពុជា ដាក់បញ្ចូលទស្សនីយភាពល្ខោនខោលខ្មែរ ក្នុងជំនួបមិត្តភាពអន្តរជាតិ
កម្ពុជា vs ម៉ាឡេស៊ី នាថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ ដើម្បីរួមចំណែកលើកស្ទួយបន្ថែមទៀតនូវសិល្បៈវប្បធម៌ខ្មែរ និងជាការឆ្លុះបញ្ចាំងអោយអន្តរជាតិកាន់តែស្គាល់ច្បាស់ថា ល្ខោនខោល ជារបស់ខ្មែរ។
បុគ្គលដែលគាំទ្របាល់ទាត់ និងរើសសំរាមរូបនេះ បានធ្វើការសរសើរចំពោះ សហព័ន្ធបាល់ទាត់កន្លងមក ដែលបានរៀបចំទស្សនីយភាព យ៉ាងល្អ ដែលបញ្ចូលនូវសិល្បៈបុរាណ និងសម័យរបស់ខ្មែរ។
ពូឈីវ បន្តសរសេរថា សូមកោតសរសើរដល់សហព័ន្ធបាល់ទាត់កម្ពុជា ដែលបានរៀបចំបានយ៉ាងល្អនូវរាល់ការប្រកួតអន្តរជាតិកន្លងមក។សូមសហព័ន្ធបាល់ទាត់កម្ពុជាទទួលនូវការគោរពដ៏ស្មោះស្ម័គ្រអំពីខ្ញុំ៕


