លោក Mauricio Pochettino គ្រូបង្វឹកមាន់ខ្នាយមាសបានលើកឡើងថាលោកនឹងមិនហាមឃាត់ឬរឹងស្ទះកីឡាករណាមួយដែលចង់ចាកចេញនោះទេ ប្រសិនបើពួកគេមិនពេញចិត្តក្នុងការរួមរស់ជាមួយក្លិបនោះ ។
កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ មាន់ខ្នាយមាស Spurs បានយកឈ្នះក្លិបបិសាចក្រហម Man Utd ក្នុងលទ្ធផល 3-0 ហើយ Harry Kane និង Lucas Moura រកគ្រាប់បាល់បាន។
កីឡាករ Mousa Dembele, Danny Roseនិង Toby Alderweireld ជាកីឡាករដែលត្រូវបានក្លិបផ្សេងៗទាក់ទងចេញ ជាពិសេសបិសាចក្រហម តែម្តង។ ទោះបីជាយ៉ាងនេះក្តី កីឡាករបីរូបនេះ បានបន្តស្នាក់នៅលេងជាមួយក្លិប ខណៈដែលគ្រូបង្វឹកលើកឡើងឡើងថា គាត់នឹងមិនបញ្ចុះបញ្ចូល ចំពោះកីឡាករណាដែលគ្មានការប្តេជ្ញាចិត្តជាមួយក្លិបឡើយ។
Pochettino បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ខ្ញុំមិនមែនជាមនុស្សដែលធ្វើការបញ្ចុះបញ្ចូលកីឡាករឲ្យស្នាក់នៅលេងបន្ត ជាមួយក្លិបនោះទេ ប្រសិបើពួកគេចង់ចាកចេញ ពួកគេអាចចាកចេញបាន ហើយខ្ញុំមិនទៅរាំងស្ទះបង្ហាកដំណើរដែរ ។ ហើយខ្ញុំក៏មិនមែនជាមនុស្សដែល ទៅឃាត់កីឡាករដែលគ្មានចិត្តរួមរស់ជាមួយក្លិបនោះទេ។
គ្រូបង្វឹកដែលកំពុងជោគជ័យ បីប្រកួតជាប់គ្នារូបនេះ បានលើកឡើងបន្តថា ប្រសិនបើបាត់បង់កីឡាករ១ ឬ២ យើងគ្មានបញ្ហានោះទេ ព្រោះថាយើង នៅមានកីឡាករវ័យជំទង់ជាច្រើនទៀត ដែលកំពុងទទួលបានការបណ្តុះបណ្តាលពីក្លិប។
គួរបញ្ជាក់ផងដែរថា Tottenham Hotspur នឹងធ្វើដំណើរទៅកាន់ទឹកដី Watford FC នៅថ្ងៃអាទិត្យសប្តាហ៍នេះ ៕