អតីតប្រធានជាន់ខ្ពស់របស់ FIFA លោក Juan Angel Napout ត្រូវបានតុលាការអាម៉េរិកកាត់ទោសឲ្យជាប់គុករយៈពេល ៩ឆ្នាំ ពីបទពុករលួយ និងកេងប្រវ័ញ្ច ដែលធ្លាប់បានប្រព្រឹត្តិក្នុងអំឡុងពេលលោកកាន់កាប់តំណែងធំ FIFA ។
លោក Juan Angel Napout ត្រូវបានតុលាការទីក្រុងញ៉ូវយ៉ក ធ្វើការបើកសវនាការកាត់ទោសលោក នៅថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ ។សេចក្តីថ្លែងការពីការិយាល័យមេធាវីអាម៉េរិក លោក Richard Donoghue បាននិយាយថា លោក Napout ត្រូវបានកាត់ទោសពីបទបោកប្រាស់ និងលួចបន្លំ សូកប៉ាន់ ជាដើម ហើយក៏ត្រូវបង់ប្រាក់ពិន័យ 4.3 លានដុល្លារអាម៉េរិក។

ការកាត់ទោសអតីតប្រធាន់ជាន់ខ្ពស់ខាងលើ ជាការព្រមានដល់មន្ត្រី FIFA ទាំងអស់ ឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះទង្វើរបស់ខ្លួន ដែលបានធ្វើលើវិស័យ បាល់ទាត់ ហើយក៏ជាការប្រឆាំងអំពើពុករលួយ សូកប៉ាន់ ដែលគ្រប់គ្រងដោយ FIFA ផងដែរ។
ការកាត់ទោសលោក Juan Angel Napout កើតឡើងបន្ទាប់ពីអតីតមេធំសហព័ន្ធបាល់ទាត់ប្រេស៊ីល លោក Jose Maria Marin ត្រូវបានកាត់ទោស ឲ្យជាប់គុករយៈពេល ៤ឆ្នាំ ពីបទរំលោភបំពាន់ និងអំពើពុករលួយ កាលពីដើមខែសីហា ។
លោក Jose Maria Marin អាយុ ៨៦ឆ្នាំ បានទទួលសំណូក លើការផ្លាស់ប្តូរការប្រកួត (លក់គ្រាប់) ក្នុងនោះរួមទាំង Copa America ផងដែរ៕