ក្លិបអធិរាជស បាននាំយកអតីតកីឡាកររបស់ខ្លួន ពីទឹកដីបារាំង មកលេងក្នុងទឹកដីអេស្ប៉ាញវិញក្នុងទំហំទឹកប្រាក់ 32 លានដុល្លារអាម៉េរិក កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ។

កីឡាករ Mariano ត្រូវបានប្រកាសជាផ្លូវការលើវិបសាយ និងទំព័រផ្សេងៗរបស់ក្លិប ដោយបញ្ជាក់ថា ក្លិបបានចុះហត្ថលេខាយក កីឡាកររូបនេះ ជាផ្លូវការ ដោយកុងត្រា រយៈពេល ៥ឆ្នាំ ។
កីឡាករប្រយុទ្ធ វ័យ ២៥ ឆ្នាំនេះ ត្រូវបានក្លិបទិញក្នុងតម្លៃ ២៨ លានអឺរ៉ូ ប្រហែល ៣២ លានដុល្លារអាម៉េរិក ពីក្លិប Lyon ។ ទំព័រក្លិបបានបញ្ជាក់ថា កីឡាករ Mariano នឹងបង្ហាញខ្លួននៅថ្ងៃទី៣១ ខែសីហា នៅពហុកីឡដ្ឋាន Santiago Bernabéu ដោយពាក់អាវក្រុម Real Madrid បន្ទាប់មក នឹងផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
ខាងក្លិបអធិរាជស នៅមិនទាន់បញ្ជាក់ថា តើ Mariano ត្រូវពាក់អាវលេខ ៧ ឬយ៉ាងណា ?

គួរបញ្ជាក់ផងដែរថា Mariano ធ្លាប់បានលេងនៅក្លិប Real រាប់តាំងពីក្រុមយុវជន នៅឆ្នាំ ២០១២ ដល់ ២០១៦ ហើយបានបង្ហាញខ្លួនលេង ក្នុងឈុតធំក្លិប តែ ៨ ប្រកួតក្នុងឆ្នាំ ២០១៦-២០១៧ ហើយក៏ត្រូវផ្ទេរទៅកាន់ Lyon លេងបាន ៣៨ ប្រកួត ពោលគឺ ១រដូវកាលពេញ៕