ភ្នំពេញ៖ ស្ត្រីដែលប្រសូត្រចេញពីក្រុងសួង អតីតខេត្តកំពង់ចាម និងបច្ចុប្បន្នខេត្តត្បូងឃ្មុំ អ្នកស្រី ស្រួង ភាវី មានគម្រោងអនាគតចង់បើកសាលាកីឡាស្នូកឃ័រមួយនៅកម្ពុជា ដោយបញ្ចូនគ្រូពីកូរ៉េ ដើម្បីជួយដល់ស្ត្រី កុមារកំព្រា ដែលចង់ក្លាយខ្លួនជាអ្នកលេងកីឡាស្នូកឃ័រ ដ៏ល្បីល្បាញ ។
ស្ត្រីវ័យ ២៧ ឆ្នាំ បានរៀបការជួយជនជាតិកូរ៉េក្នុងឆ្នាំ ២០១០ និងបានទៅរស់នៅលើទឹកដីកូរ៉េតែម្តង ហើយក៏ជាពេលវេលា ដែលបានចាប់ផ្តើម រៀនកីឡាស្នូកឃ័រ ដែលស្ថិតនៅក្បែរផ្ទះ ក្រោយប្តីជនជាតិកូរ៉េសាកសួរពីការចង់ធ្វើការ និងចង់រៀន ។
ស្រួង ភាវី ថា អំឡុងពេលនោះប្តី របស់អ្នកស្រីបានសាកសួរពីចំណង់ចំណូលចិត្តធ្វើការ ហើយគាត់ក៏បានណែនាំបង្ហាញកន្លែងលេង ស្នូកឃ័រមួយ ដោយឃើញថា ហំហានក៏ប្រាប់ទៅប្តីវិញថា ចង់រៀនកីឡាប្រភេទនេះ ដេលស្ថិតនៅក្បែរផ្ទះខ្ញុំ ។
កីឡាការិនីដែលបានឆ្លងទៅកាន់ទឹកដីអាម៉េរិកវាយស្នូកឃ័រ ជាមួយបុរសដែលមកពី ៤៥ ប្រទេសផ្សេងគ្នាៗ បានបន្តថា ពេលនេះនាងបានក្លាយជាស្ត្រីតំណាងឲ្យកម្ពុជា ត្រៀមខ្លួនប្រកួតស្នូកឃ័រនៅស៊ីហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះ នាពេលខាងមុខ ហើយក៏ត្រៀមខ្លួន ដើម្បីធ្វើជាសរសរទ្រូងសម្រាប់ស្ត្រី និងគ្រូបង្វឹកលើជំនាញវាយស្នូកឃ័រនេះ ។ ត្រង់ចំណុចនេះ ខ្ញុំនឹងខំដើម្បីកម្ពុជា ហើយក៏បានត្រៀមខ្លួនរួចរាល់ហើយ ទៅថ្ងៃអនាគត ដើម្បីបើកសាលាស្នូកឃ័រ នៅកម្ពុជា ដោយបញ្ចូនគ្រូកូរ៉េពីទីនេះទៅ (កូរ៉េ) ដើម្បីបណ្តុះបណ្តាល ដល់ស្ត្រីកុមារកំព្រា ជនពិការជាដើម ៕














