រាជរដ្ឋាភិបាលផ្តល់ទឹកប្រាក់ 80 លានរៀលសម្រាប់កីឡាករ​ទទួលបានមេដាយមាសពី Asian Games

0

សម្រាប់កីឡាករ កីឡាការិនី ៣រូប ដែលទទួលបានមេដាយមាស និងសំរិទ្ធិ ពីការប្រកួត Asian Games នឹងទទួលបានទឹកប្រាក់ចំនួន ៨០ លានរៀល  ៤០ លានរៀល និង ២៤លានរៀល ពីរាជរដ្ឋាភិបាល ក្នុងប្រភេទមេដាយរៀងៗខ្លួន​។​

បើយោងតាមសម្រង់សម្តីពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP  បានចុះផ្សាយថា លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡា អាស៊ីរបស់កម្ពុជាបានឱ្យ ដឹងពីប្រទេស ឥណ្ឌូណេស៊ីមកថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការ អនុញ្ញាត ដល់ប្រតិភូកីឡាអាស៊ីកម្ពុជា ចូលជួបសម្តែងការគួរសម និង ប្រគល់ជូនប្រាក់រង្វាន់ លើកទឹកចិត្តជូនដល់ម្ចាស់មេដាយមាស កីឡាអាស៊ី  នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ខាង មុខ នៅវិមានសន្តិភាព ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មុនពេលមកដល់វិមានសន្តិភាព គឺក្រុមប្រតិភូកីឡាអាស៊ី ដែលឈ្នះមេដាយមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង លើ២ប្រភេទកីឡានេះនឹងទទួលបានការ អនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជារៀបចំពិធីដង្ហែក្បួនអមដោយម៉ូតូសកិត្តិយសចំនួន៦គ្រឿង ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលា ម៉ោង ៥ និង៣៥នាទីល្ងាច នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ឆ្ពោះមកវិមានសន្តិភាព។

នៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ីនេះមាន ៤៥ប្រទេស ចូលរួមហើយកម្ពុជា បានឈ្នះមេដាយមាស២វិញ្ញាសា ដែលមេដាយមាសទី១ ដណ្តើមបាន ដោយកីឡាការិនីខ្មែរ-អាម៉េរិក ខាន់ ចេសា លើប្រភេទទម្ងន់៤៩គីឡូក្រាម នៃប្រភេទកីឡា ជឺជីតស៊ូ និងមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿងទៀត ដណ្តើមបានដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាសលើវិញ្ញាសា Ski Modified និងឈ្នះមេដាយសំរឹទ្ធិ លើវិញ្ញាសា Runabout 1100 Stock នៃប្រភេទកីឡាម៉ូតូទឹក។ ចំពោះពិធីបំពាក់មេដាយជាផ្លូវ ការលើប្រភេទកីឡាម៉ូតូទឹកត្រូវបានធ្វើឡើង កាលពីល្ងាច ថ្ងៃអាទិត្យម្សិលមិញ ជាមួយនឹង ការគោរពភ្លេងជាតិ ការបង្ហូតទង់ជាតិកម្ពុជា ដោយបាន បង្ហាញ ពីកិត្តិយសដ៏ធំធេង និងជា មោទនភាពជាតិលើ ឆាកអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងកម្រិត Asian Games តាមអនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា រួមមាន មេដាយមាស៨០លានរៀល, មេដាយប្រាក់៤០លានរៀល និងមេដាយសំរឹទ្ធិ ២៤លានរៀល។ រីឯគ្រូបង្វឹកទទួលបាន១០០ភាគរយ ស្មើនឹងមេដាយខ្ពស់ បំផុតនៃកីឡាករ ឬកីឡាការិនីរបស់ខ្លួន និងគ្រូជំនួយទទួល បាន៧០ភាគរយ។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ជាគោលការណ៍ឧបត្ថម្ភលើកចិត្តបន្ថែម ដោយ មេដាយ មាសទទួលបាន១០.០០០ដុល្លារ, មេដាយប្រាក់ ៥.០០០ដុល្លារ និងមេដាយ សំរឹទ្ធិ៣.០០០ដុល្លារ៕
រូបភាព៖ AKP