ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិន័រវេសកីឡាករ Haaland ត្រូវបានប្តូរចេញក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ជាមួយក្រុម Bournemouth។ គាត់បានធ្វើការស៊ុតបញ្ចូលទីគ្រាប់ទី ៣០សម្រាប់រដូវកាលនេះ នៅកីឡដ្ឋាន Vitality បន្ទាប់ពីការសង្គ្រោះបាល់១១ម៉ែត្រដំបូងពីសំណាក់អ្នកចាំទី Kepa Arrizabalaga ។
កីឡាករ Haaland ត្រូវបានប្ដូរចេញ បន្ទាប់ពីមានបញ្ហាកជើង។ គាត់បានដើរចេញពីទីលាន ដោយបើកផ្លូវឱ្យ Omar Marmoush ចូលជំនួសគាត់ ហើយគាត់ពិតជាមានអារម្មណ៍មិនស្រួលនៅពេលគាត់ធ្វើដំណើរទៅព្យាបាល។
សំណួរត្រូវបានសួរភ្លាមៗអំពី ថាតើបញ្ហារបស់គាត់ធ្ងន់ធ្ងរប៉ុណ្ណា ដោយមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញបញ្ហានេះ បន្ទាប់ពី Haaland ត្រូវបានគេប្រទះឃើញធ្វើដំណើរដោយប្រុងប្រយ័ត្នទៅកាន់រថយន្តក្រុងរបស់ក្រុមមេឃខៀវដោយប្រើឈើច្រត់ និងពាក់ស្បែកជើងការពារនៅជើងឆ្វេងរបស់គាត់។
អ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្ដល់យោបល់យ៉ាងឆាប់រហ័សថា «រដូវកាលរបស់ Haaland ត្រូវបានបញ្ចប់ជាផ្លូវការ» ខណៈពេលដែលអ្នកផ្សេងទៀតបានអះអាងថា Man City ជួបទុក្ខធំ បន្ទាប់ពីបានឃើញអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ពួកគេមានរបួស។
មិនទាន់មានការប្រកាសជាផ្លូវការណ៍ពីក្លឹប Man City ថាតើកីឡាករលេខ៩ របស់ពួកគេអាចត្រូវសម្រាករយៈពេលប៉ុន្មាន។ បន្ទាប់ពីកក់កន្លែងរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាប់ៗគ្នាជាលើកទីប្រាំពីរ ក្រុមរបស់លោក Pep Guardiola នឹងត្រូវប្រកួតជាមួយក្រុម Leicester នៅថ្ងៃពុធ មុនពេលធ្វើដំណើរទៅកាន់ Old Trafford សម្រាប់ការប្រកួត Derby ជាមួយគូប្រជែង Manchester United នៅថ្ងៃអាទិត្យ៕