កីឡាករ Saka ត្រូវបានអវត្តមានក្នុងរយៈពេលកន្លងមកដោយសារតែរបួសសរសៃពួរកាលពីឆ្នាំមុន ដែលរារាំងគាត់មិនអាចបង្ហាញខ្លួនឱ្យក្រុមកាំភ្លើងធំក្នុងឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ។ ការអវត្តមានរបស់គាត់ត្រូវបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលក្រុមរបស់លោក Mikel Arteta បានប្រឹងប្រែងតស៊ូចំពោះបញ្ហាខ្វះខាតតំបន់ប្រយុទ្ធ ហើយបានមើលឃើញថាក្តីសង្ឃឹមឈ្នះពាន Premier League របស់ពួកគេត្រូវធ្លាក់ចុះ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal មានបំណងចង់លុបបំបាត់ភាពមិនច្បាស់លាស់ណាមួយជុំវិញអនាគតរយៈពេលវែងរបស់ Saka ហើយនឹងផ្តល់អាទិភាពក្នុងការផ្តល់កុងត្រាដ៏ប្រសើរសម្រាប់គាត់។ ខ្សែបម្រើស្លាបវ័យ ២៣ឆ្នាំដែលបច្ចុប្បន្នរកបាន ១៩៥,០០០ផោនក្នុងមួយសប្តាហ៍ ហើយគាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយកាលពីឆ្នាំ២០២២ ដែលធានាឱ្យគាត់នូវប្រាក់ឈ្នួលអប្បបរមាចំនួន ១០លានផោន ក្នុងមួយរដូវកាល។ លោក Andrea Berta ដែលថ្មីៗនេះបានចូលកាន់តួនាទីជានាយកកីឡានឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យការបន្តកិច្ចសន្យារបស់ Saka ។
លោក Berta នឹងជាអ្នកទទួលខុសត្រូវលើការពន្យាកុងត្រារបស់ Saka ព្រោះក្លឹប Arsenal ក៏កំពុងធ្វើការដើម្បីធានាអនាគតរបស់កីឡាករសំខាន់ៗផ្សេងទៀត។ ការពិភាក្សាត្រូវបានគេរំពឹងថានឹងធ្វើឡើងជាមួយ William Saliba, Gabriel Magalhaes និង Leandro Trossard ។
ក្លឹប Arsenal នឹងបន្តយុទ្ធនាការ Premier League របស់ពួកគេនៅថ្ងៃអង្គារ ដោយធ្វើជាម្ចាស់ផ្ទះទទួលក្រុម Fulham នៅកីឡដ្ឋាន Emirates បន្ទាប់ពីសម្រាកអន្តរជាតិ៕