យោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Bournemouth ត្រូវបានគេរំពឹងថានឹងទាមទារថ្លៃផ្ទេរប្រមាណ ៤៥លានផោន សម្រាប់ខ្សែការពារ Kerkez ប្រសិនបើក្លឹបយក្សនៅ Premier League គឺក្លឹប Liverpool ដាក់សំណើរផ្ទេរកីឡាកររូបនេះ។ កីឡាករវ័យ ២១ឆ្នាំមានរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ជាមួយក្លឹប Bournemouth សម្រាប់រដូវកាល ២០២៤-២៥ ហើយត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរចេញពីក្លឹបនៅរដូវក្តៅ។ ដោយសារកីឡាករនឹងនៅសល់រយៈពេល 3 ឆ្នាំទៀតលើកិច្ចសន្យាដែលមានស្រាប់របស់គាត់បន្ទាប់ពីរដូវកាលបច្ចុប្បន្ន ក្លឹបនឹងអាចទទួលបាសាច់ប្រាក់អំពីការលក់មួយនេះ។ របាយការណ៍បន្ថែមថាហង្សក្រហមអាចនឹងព្យាយាមបញ្ចូលអ្នកចាំទី Caoimhin Kelleher ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ប៉ុន្តែសំណើនេះទំនងជាត្រូវបានច្រានចោល។
កីឡាករ Kerkez ត្រូវបាននាំយកទៅកីឡដ្ឋាន Vitality ពីក្លឹប AZ ក្នុងឆ្នាំ២០២៣ ហើយបន្ទាប់មកលោក Robert Hughes ប្រធានផ្នែកកីឡា Bournemouth បានដើរតួយ៉ាងសំខាន់ក្នុងការផ្ទេរ។ លោក Hughes ឥឡូវនេះមានតួនាទីស្រដៀងគ្នានៅ Anfield ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកចាត់ការ Liverpool លោក Arne Slot លើសកម្មភាពផ្ទេរតាំងពីរដូវក្តៅមុន។
លោក Slot បានចាប់ផ្តើមរៀបចំផែនការសម្រាប់រដូវកាល ២០២៥-២៦ ខាងមុខនេះ ហើយនឹងសម្លឹងរកការចុះហត្ថលេខាជាច្រើនដើម្បីពង្រឹងក្រុម។ បុរសសញ្ជាតិហូឡង់រូបនេះមើលឃើញថា Kerkez ជាជម្រើសដ៏ល្អឥតខ្ចោះមួយក្នុងការបន្ថែមតំបន់ការពារខាងឆ្វេង ដើម្បីផ្តល់ការប្រកួតប្រជែងដល់កីឡាករ Andy Robertson ដែលមានវ័យចំណាស់ទៅហើយ។
ក្រុមរបស់លោក Andoni Iraola ដែលមានត្រឹមតែ ៤ពិន្ទុតាមពីក្រោយក្រុមលេខ៥ Manchester City ក្នុងតារាង Premier League នោះ នឹងមានបំណងចង់ទទួលបានកៅអីមួយសម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។ ពួកគេនឹងត្រូវធ្វើការប្រកួតបន្ទាប់នៅថ្ងៃពុធ ខណៈដែលពួកគេប្រកួតជាមួយ Ipswich Town ក្នុងក្របខណ្ឌ Premier League៕