កីឡាករ Laporte បញ្ជាក់ពីការវិលត្រលប់ទៅកាន់បាល់ទាល់អឺរ៉ុប

0

ខ្សែការពារកណ្តាលដែលបានផ្ទេរពីក្លឹប Manchester City ទៅ Al-Nassr ក្នុងខែសីហា ឆ្នាំ២០២៣ ក្នុងតម្លៃ ២៣.៦លានផោន ហើយបានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុម Saudi Pro League ។ ទម្រង់លេងរបស់គាត់បានធ្វើអោយគាត់ទទួលបានកៅអីមួយនៅក្នុងក្រុមរបស់អេស្ប៉ាញសម្រាប់យុទ្ធនាការឈ្នះពានរង្វាន់ Euro ២០២៤ របស់ពួកគេ ហើយដែលនាំឱ្យគាត់មានព័ត៌មានចចាមអារ៉ាមជាមួយក្លឹបអធិរាជស។ ឥឡូវនេះកីឡាករវ័យ ៣០ឆ្នាំអាចដោះស្រាយបញ្ហាចំពេលក្លឹប Real Madrid កំពុងជួបវិបត្តិកីឡាកររបួស។

គាត់បានប្រាប់ El Larguero ថា៖ «ខ្ញុំពិតជាតាមព័ត៌មានមិនទាន់នោះទេ ខ្ញុំបានអានរឿងដូចគ្នានឹងអ្នកដែរ។ គ្មានបញ្ហាទេ។ វាស្តាប់ទៅល្អណាស់។ ជាក់ស្តែង ក្រុមដូចជា Real Madrid មិនត្រូវបានគេមើលងាយទេ»។

នៅពេលត្រូវបានសួរថាតើគាត់មានបំណងវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបបន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំ២០២៦ កីឡាករ Laporte បានឆ្លើយតបថា៖ «គំនិតរបស់ខ្ញុំក្នុងការត្រលប់មកវិញគឺនៅទីនោះ។ ខ្ញុំមានគ្រួសាររបស់ខ្ញុំទាំងអស់នៅទីនេះនៅអឺរ៉ុប។ ជាក់ស្តែង អ្វីដែលប្រសើរជាង គឺនៅប្រទេសអេស្ប៉ាញ»។

នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាក្លឹប Real Madrid នឹងមិនមានភាពងាយស្រួលក្នុងការនាំគាត់ចេញពី Al-Hilal ទេ ដោយសារពួកគេមិនមាន «ចេតនា» ក្នុងការអនុញ្ញាតឱ្យគាត់ចាកចេញ ខណៈពេលដែលគាត់ស្ថិតនៅក្រោមកិច្ចសន្យា។ លើសពីនេះទៅទៀត វាហាក់ដូចជាគាត់មិនប្រញាប់ប្រញាល់ចាកចេញពីមិត្តរួមក្រុម Cristiano Ronaldo នៅ Al-Nassr នោះទេ។

កីឡាករ Laporte បានបន្ថែមថា៖ «ខ្ញុំបានទៅទីនោះ (អារ៉ាប៊ីសាអូឌីត) ដើម្បីលេងបាល់ទាត់ មិនមែនទៅធ្វើរឿងផ្សេងទេ រហូតមកដល់ពេលនេះ អ្វីៗមិនទាន់អាក្រក់សម្រាប់ខ្ញុំទេ ខ្ញុំបានឈ្នះជើងឯកទ្វីបអឺរ៉ុប ដែលជារឿងដ៏អស្ចារ្យបំផុតដែលខ្ញុំបានជួបប្រទះក្នុងអាជីពរបស់ខ្ញុំ»៕