យោងតាមការចេញផ្សាយរបស់ Eurosport បានអោយដឹងថាវីរៈបុរសរបស់ក្លឹប Liverpool លោក Alonso នឹងចាកចេញពីក្រុម Bundesliga នៅចុងបញ្ចប់នៃរដូវកាលនេះ ទោះបីជាមានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៦ ក៏ដោយ។ ប្រភពដដែលបន្ថែមថា «ផ្លូវទាំងអស់នាំឱ្យ Alonso ចូលរួមជាមួយ Madrid នៅរដូវកាលក្រោយ» ទោះបីជាលោក Carlo Ancelotti នៅសល់កុងត្រា ១៨ខែទៀតក៏ដោយនៅ Santiago Bernabeu ។ ទោះជាយ៉ាងណាក៏ដោយ វាមិនត្រូវបានច្រានចោលទេដែលថាបុរសវ័យ ៤២ឆ្នាំរូបនេះនឹងទៅចូលរួមជាមួយក្លឹប Bayern ប្រសិនបើលោក Vincent Kompany ដឹកនាំមិនបានល្អក្នុងរដូវកាលនេះនៅក្លឹបយក្សអាល្លឺម៉ង់។
ប្រភពដដែលបន្ថែមទៀតថា លោក Alonso ដែលបាត់បង់ឱកាសដើម្បីបន្តតំណែងពីលោក Jurgen Klopp នៅក្លឹប Liverpool គាត់បានប្រាប់កីឡាកររបស់ក្លឹប Leverkusen មួយចំនួនរួចហើយថាគាត់នឹងចាកចេញពីពួកគេនៅចុងបញ្ចប់នៃរដូវកាលនេះ។ ភាគច្រើននៃរឿងនេះអាចអាស្រ័យលើថាតើ Ancelotti បន្តនៅ Madrid ឬអត់ ប៉ុន្តែដោយសារពួកគេមិនបានឈានដល់គោលដៅកំពូលដែលពួកគេសម្រេចបានកាលពីរដូវកាលមុន ដូច្នេះបុរសសញ្ជាតិអ៊ីតាលីអាចនឹងចាកចេញនៅឆ្នាំ២០២៥។ ផ្ទុយទៅវិញ បុរសសញ្ជាតិអេស្ប៉ាញអាចនឹងត្រូវអត់ធ្មត់ក្នុងគោលបំណង់ដែលចង់ទៅដឹកនាំក្លឹបអធិរាជស។
លោក Alonso បានដឹកនាំ Leverkusen អោយឈ្នះពាន Bundesliga និង DFB-Pokal ក្នុងរដូវកាល ២០២៣/២៤ ហើយការប្រកួតតែមួយគត់ដែលពួកគេបានចាញ់ពេញមួយរដូវកាលនោះ គឺនៅវគ្គផ្តាច់ព្រ័ត្រ Europa League ក្រោមថ្វីជើងក្រុម Atalanta ។ ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងរដូវកាលនេះពួកគេបានធ្លាក់មកនៅលេងរៀងទី៤ ក្នុងលីគ ហើយមាន ៩ពិន្ទុនៅពីក្រោយក្លឹប Bayern ក្រោយលេងបាន ១០ប្រកួត។
ក្រុមរបស់លោក Aloson នឹងត្រលប់មកធ្វើការប្រកួតនៅ Bundesliga វិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ជាមួយក្លឹប Heidenheim មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Red Bull Salzburg ក្នុងការប្រកួត Champions League បីថ្ងៃក្រោយរបស់ពួកគេ៕