យោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Jorge Nicole បានអោយដឹងថាខ្សែបម្រើស្លាបរបស់បិសាចក្រហម Antony មិនចង់ចាកចេញពីក្រុម Premier League ក្នុងពេលឆាប់ៗខាងមុខទេ ហើយការពិភាក្សាអំពីកិច្ចព្រមព្រៀងដោះដូរដ៏មានសក្តានុពលពាក់ព័ន្ធនឹងខ្សែបម្រើប្រយុទ្ធវ័យ ១៩ឆ្នាំរបស់ក្លឹប Flamengo គឺកីឡាករ Lorran មានភាពទូលំទូលាយ។ អ្នកសារព័ត៌មានដដែលបន្ថែមទៀតថាជាមួយនឹង Amorim ទើបតែមកដឹកនាំ កីឡាករសញ្ជាតិប្រេស៊ីលសង្ឃឹមនឹងទទួលបាននាទីបន្ថែមទៀតនៅក្នុងក្រុមដំបូងរបស់បិសាចក្រហមជាងដែលគាត់បានធ្វើក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Erik ten Hag នៅរដូវកាលនេះ។
កីឡាករ Antony បានផ្ទេរមកពីក្លឹប Ajax ទៅកាន់ក្លឹប United ក្នុងតម្លៃ ៨៥លានផោន ក្នុងឆ្នាំ២០២២ ប៉ុន្តែចាប់តាំងពីពេលនោះមកគាត់បានស៊ុតបាល់បញ្ចូលទីបានត្រឹមតែ ១២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដងក្នុងការបង្ហាញខ្លួន ៨៧លើក។ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាក្រុមបិសាចក្រហមបានបើកចំហចំពោះកីឡាករវ័យ ២៤ឆ្នាំចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករា ប៉ុន្តែថាតើខ្សែបម្រើស្លាបរូបនេះធ្វើបានឬយ៉ាងណានោះ នៅតែត្រូវរង់ចាំមើល។ ទោះជាយ៉ាងនេះក្តី វាអាចជាការល្អបំផុតសម្រាប់ភាគីទាំងសងខាងក្នុងការដើរផ្លូវរៀងខ្លួន។
កីឡាករ Antony ដែលមានកុងត្រានៅ Old Trafford ដល់ឆ្នាំ២០២៧ បានណែនាំនៅដើមរដូវកាលនេះថាគាត់មើលឃើញអនាគតរបស់គាត់នៅ United ។
គាត់បាននិយាយថា៖ «ខ្ញុំពិតជាត្រូវការការចូលរួមស៊ុតបញ្ចូលទីបន្ថែមទៀត និងដើម្បីរកគ្រាប់បាល់បន្ថែម។ វាជាអ្វីដែលខ្ញុំទាមទារពីខ្លួនខ្ញុំ។ សូមប្រាកដថាអ្នកនឹងឮឈ្មោះ Antony ទាក់ទងនឹងការស៊ុតបញ្ចូលទី និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី»។
ការប្រកួតដំបូងរបស់លោក Amorim ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Man United នឹងត្រូវទៅជួបក្រុម Ipswich Town នៅថ្ងៃទី២៤ ខែវិច្ឆិកា។ ហើយកីឡាករ Antony សង្ឃឹមថានឹងទទួលបាននាទីលេងក្នុងការប្រកួតនោះ បន្ទាប់ពីបានបង្ហាញខ្លួនត្រឹមតែ ៥ដងក្នុងរដូវកាលនេះ។ បុរសសញ្ជាតិព័រទុយហ្គាល់ប្រហែលជាត្រូវផ្តល់គំនិតខ្លះៗអំពីអ្វីដែលត្រូវធ្វើជាមួយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ដើម្បីអាចធ្វើការឆ្ពោះទៅមុខបាន៕