ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិដែលបានអញ្ជើញមកទស្សនាលើពន្លាទេសចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ បន្តកើនឡើងជាងថ្ងៃទីមួយ ដែលមានចំនួន ១ ៧០០នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម គុជ បញ្ញាសា បានបញ្ជាក់ថា ភ្ញៀវទេសចរអន្តជាតិ ដែលបានមកអង្គុយទស្សននៅលើវេទិកាទេសចរណ៍សុទ្ធតែបង្ហាញក្តីរីករាយជាខ្លាំង ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីមន្ត្រីបម្រើការងារនៅទីនោះ។ ឯកឧត្ដមបន្ដថា ចំនួនភ្ញៀវអន្តរជាតិ សម្រាប់ថ្ងៃទីពីរមានចំនួន ១ ៧០០នាក់ បានកើនឡើងច្រើនជាងថ្ងៃទីមួយ ដែលមានចំនួន ១ ៦៥០ នាក់ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនឹងទទួលបានភ្ញៀវអន្តរជាតិកាន់តែកើនឡើងបន្ថែមទៀត។
បើតាមរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ឯកឧត្តម គុជ បញ្ញាសា ភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញឡើងមកអង្គុយទស្សនានៅលើពន្លាទេសចរណ៍ ថ្ងៃទីមួយ និងថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ សុទ្ធតែប្រកបដោយទឹកមុខញញឹមញញែមស្រែកហ៊ោកញ្ជ្រៀវសាទរដល់កីឡាករដែលកំពុងបញ្ចេញកម្លាំងកាយបង្កើនសន្ទុះទូកយកជ័យជម្នះលើគូប្រកួត។ ឯកឧត្ដមក៏បានឱ្យដឹងទៀតថា សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាលើពន្លាក្រសួងទេសចរណ៍នេះ ទទួលបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីមន្ត្រីក្រសួងទេសចរណ៍ និងទទួលបានខិត្តបណ្ណសម្រាប់អានស្វែងយល់បន្ថែមពីព្រះរាជពិធីបុណ្យអុំទូក ដែលមានជាភាសាអង់គ្លេស បារាំង និងភាសាចិន ព្រមទាំងមានមគ្គុទេសក៏ចាំជួយបកប្រែ ជួយសម្រួលជូនដល់ភ្ញៀវបរទេស។ ជាមួយគ្នានេះ ភ្ញៀវទេសចរក៏អាចពិសាទឹក និងភេសជ្ជៈដោយមិនគិតថ្លៃនៅទីនោះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គុជ បញ្ញាសា ក៏បានអំពាវនាវឱ្យភ្ញៀវទេចរមកលេងប្រទេសកម្ពុជាឱ្យបានច្រើនដងទៀត ដើម្បីទស្សនាព្រឹត្តិការណ៍ធំៗដូចជា បុណ្យអុំទូកជាដើម និងទស្សនាប្រាង្គប្រាសាទ ដើរលេងព្រៃភ្នំ ជ្រលងដងអូរ ទឹកធ្លាក់ដ៏សប្បូណ៌បែបនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕