តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Ronaldo បានប្តឹងក្លឹប Juventus ទៅកាន់តុលាការជុំវិញការចោទប្រកាន់ថាមិនបានបង់ប្រាក់ឈ្នួល។ គាត់បានអះអាងថាគាត់ត្រូវបានក្លឹបនៅអ៊ីតាលីជំពាក់ប្រាក់ឈ្នួលយ៉ាងច្រើនសន្ធឹកសន្ធាប់លើការចំណាយពេលបីឆ្នាំនៅទីក្រុង Turin ចន្លោះឆ្នាំ២០១៨ ដល់ ២០២១ មុនពេលគាត់បានចាកចេញពីប្រទេសអ៊ីតាលី ហើយត្រឡប់ទៅកាន់ក្លឹប Manchester United វិញ។
តុលាបានសម្រេចអោយកីឡាករ Ronaldo ឈ្នះ ដោយអោយក្លឹប Juventus បង់ប្រាក់ពាក់កណ្តាលនៃអ្វីដែលជំពាក់ ខណៈខាង CR7 ទទួលយកសម្រាប់ទឹកប្រាក់ ៥០%នេះ។ ក្លឹប Juventus ពិចារណាថាបញ្ហានោះត្រូវបានបិទបញ្ចប់សម្រាប់ផ្នែកហិរញ្ញវត្ថុរបស់ក្លឹប ដោយមិនចាំបាច់ឱ្យពួកគេធ្វើការប្រមូលថវិកាបន្ថែមទៀតនោះទេ។
ប្រធានក្លឹបលោក Ferrero បាននិយាយនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុននាពេលថ្មីៗនេះ នៅពេលត្រូវបានចោទសួរអំពីប្រាក់ដែលនៅតែជំពាក់អតីតកីឡាករលេខ៧ របស់ក្លឹបថា៖ «យើងបានបង់ប្រាក់ឱ្យ Cristiano Ronaldo កាលពីខែមេសា មិនចាំបាច់ប្រមូលប្រាក់បន្ថែមទៀតនោះទេ។ យើងបានបង់ ៥០% នៃចំនួនទឹកប្រាក់ដែលគាត់បានស្នើសុំ ដូច្នេះមិនចាំបាច់ប្រមូលប្រាក់បន្ថែមនោះទេ ពីព្រោះចំនួនប្រាក់នោះយើងបានបង់រួចរាល់ហើយ»។
ខណៈពេលដែល Juventus បានជម្រះបំណុលរបស់ពួកគេ ពួកគេនៅតែសង្ឃឹមថានឹងទទួលបានសំណងមួយចំនួន។ ដោយបានជំទាស់នឹងការអះអាងពីខាងដើមរបស់កីឡាករ Ronaldo លោក Ferrero បានបន្ថែមថា៖ «យើងមិនយល់ស្របនឹងសេចក្តីសម្រេចនេះដែលបង្កើតឱ្យមានការបែងចែកការទទួលខុសត្រូវស្មើគ្នា ដូច្នេះយើងបានប្តឹងឧទ្ធរណ៍ទៅតុលាការ Turin»។
គួររំលឹកឡើងវិញដែរថាកីឡាករ Ronaldo រកបាន ១០១គ្រាប់សម្រាប់ក្លឹប Juventus តាមរយៈការបង្ហាញខ្លួន ១៣៤ដង ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Serie A ចំនួន ២ដង និងពានរង្វាន់ Coppa Italia ។ ខណៈគាត់បានឈានដល់វ័យ ៣៩ឆ្នាំ ម្ចាស់Ballon d’Or ប្រាំសម័យកាលរូបនេះ កំពុងលេងអោយក្លឹប Al-Nassr របស់ Saudi Pro League ៕