កីឡាករ Gallagher បានខិតជិតក្នុងការចុះហត្ថលេខាលើកិច្ចសន្យាជាមួយនឹងក្លឹប Atletico Madrid កាលពីសប្តាហ៍មុន ដោយគាត់បានធ្វើដំណើរទៅកាន់ទីក្រុង Madrid ប៉ុន្តែកិច្ចព្រមព្រៀងរបស់គាត់មិនអាចកើតឡើងបាន បន្ទាប់ពីការផ្ទេរកីឡាករ Samu Omorodion ទៅ Chelsea បានបរាជ័យនៅពេលចុងក្រោយ។ ខ្សែបម្រើសញ្ជាតិអង់គ្លេសបានរង់ចាំរយៈពេលប្រាំថ្ងៃនៅក្នុងរដ្ឋធានីអេស្ប៉ាញ មុនពេលធ្វើដំណើរត្រឡប់ទៅទីក្រុងឡុងដ៍ និងចូលរួមជាមួយក្រុមតោខៀវវិញ។
យោងតាមរបាយការណ៍ចុងក្រោយបានអោយដឹងថាក្លឹប Chelsea និង Atletico ខិតកាន់តែជិតកិច្ចព្រមព្រៀងសម្រាប់កីឡាករ Joao Felix ហើយប្រសិនបើការផ្ទេររបស់កីឡាករសញ្ជាតិព័រទុយហ្គាល់ត្រូវបានបញ្ចប់ដោយជោគជ័យនោះ កីឡាករ Gallagher នឹងមានសេរីភាពក្នុងការទៅចូលរួមជាមួយក្លឹបនៅអេស្ប៉ាញ។ ចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករសញ្ជាតិអង់គ្លេស គ្រូបង្វឹកក្លឹប Atletico Madrid លោក Diego Simeone បានណែនាំក្លឹបអោយចុះហត្ថលេខាលើកីឡាករមួយចំនួនទៀត មុនពេលទីផ្សារបិទ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បុរសញ្ជាតិអាហ្សង់ទីនបាននិយាយថា៖ «ក្រុមមិនទាន់បិទនៅឡើយទេ ហើយយើងដឹងពីអ្វីដែលយើងកំពុងស្វែងរក និងអ្វីដែលយើងចង់បាន។ ការងារកំពុងត្រូវបានធ្វើដើម្បីបញ្ចប់ក្រុម»៕