កីឡាករសំខាន់ ២នាក់របស់ Real Madrid ទទួលបានសំណើរពីអារ៉ាប៊ីសាអូឌីត

0

យោងតាមការចេញផ្សាយរបស់ UOLEsporte Real បានអោយដឹងថាក្លឹប Real Madrid ទទួលបានសំណើរមានតម្លៃដល់ទៅ ១០០លានអឺរ៉ូ សម្រាប់កីឡាករ Militao ពីក្លឹបនៅអារ៉ាប៊ីសាអូឌីតដែលមិនបញ្ចេញឈ្មោះ។ ខ្សែការពាររូបនេះបានខកខានរយៈពេលយូរកាលពីរដូវកាលមុន ដោយសារតែគាត់មានរបួស ACL ប៉ុន្តែក្លឹប Real នៅតែបន្តចាត់ទុកគាត់ជាកីឡាករសំខាន់ ជាពិសេសបន្ទាប់ពីការចាកចេញរបស់កីឡាករ Nacho Fernandez ទៅកាន់ទឹកដីមជ្ឈឹមបូព៌ា។

Pro League របស់អារ៉ាប៊ីសាអូឌីតក៏បានកំណត់គោលដៅផ្ទេរយកកីឡាករ Vinicius Jr ហើយពួកគេបានដាក់សំណើរកិច្ចព្រមព្រៀងដែលមានតម្លៃលើសពី ១០០០លានអឺរ៉ូ សម្រាប់កីឡាករសញ្ជាតិប្រេស៊ីល។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករទាំង ២ មិនបានបង្ហាញអំពីបំណងក្នុងការផ្ទេរទៅកាន់មជ្ឈិមបូព៌ា​ឡើយ។

កីឡាករ Militao បានមកចូលរួមជាមួយក្លឹប Madrid តាំងពីឆ្នាំ២០១៩ ហើយបានបង្ហាញខ្លួនសរុប ១៥៦ប្រកួតសម្រាប់ក្លឹប។ គាត់មានកុងត្រារហូតដល់ឆ្នាំ២០២៨ ហើយបានឈ្នះពាន Champions League ពីរដង និង La Liga បីដង។