យោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាកីឡាករ Gundogan បានបង្ហាញអំពីបំណងចង់ចាកចេញពីក្លឹប Barcelona មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទ។ កីឡាករសញ្ជាតិអាឡឺម៉ងមិនមានឈ្មោះក្នុងក្រុមសម្រាប់ការប្រកួតជាមួយនឹងក្លឹប Valencia ក្នុងការប្រកួតបើករដូវកាល La Liga នោះទេ។
កីឡាករវ័យ ៣៣ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅទួរគី ប៉ុន្តែមិនទាន់មានសំណើរណាមួយនោះទេ។ ក្លឹប Galatasaray ត្រូវបានគេនិយាយថាមានការចាប់អារម្មណ៍ ខណៈដែលលោក Jose Mourinho គ្រូបង្វឹក Fenerbahce មានឆន្ទៈក្នុងការធ្វើអ្វីគ្រប់យ៉ាងដើម្បីអាចនាំយកកីឡាកររូបនេះមកកាន់ក្លឹប។ ក្លឹបនៅអារ៉ាប៊ីសាអូឌីតក៏ត្រូវបានគេនិយាយថាកំពុងតាមដានទៅលើស្ថានភាពរបស់រូបគាត់ដូចគ្នា។
កីឡាករ Gundogan បានចូលរួមជាមួយក្លឹប Barcelona ពីក្លឹប Manchester City ក្នុងឆ្នាំ២០២៣ ប៉ុន្តែបានចុះហត្ថលេខាលើកុងត្រាដែលមានសុពលភាព ២ឆ្នាំប៉ុណ្ណោះ ដែលមានន័យថាក្លឹបអាចមានការសម្រេចចិត្តទៅលើអនាគតរបស់គាត់។ នេះបើយោងតាមប្រភពដដែលបានអោយដឹងថាពួកគេនឹងមិនឈររាំងផ្លូវរបស់កីឡាករ Gundogan នោះទេ ប្រសិនជាគាត់ទទួលបានសំណើរដែលអាចទទួលយកបាន។
គេនៅតែរង់ចាំមើលថា តើខ្សែបម្រើរូបនេះអាចបង្ហាញខ្លួនម្តងទៀតអោយក្លឹប Barcelona ដែរឬទេ បន្ទាប់ពីគាត់អវត្តមានក្នុងក្រុមស្រាប់ការប្រកួតជាមួយ Valencia។ ឥលូវនេះគាត់សង្ឃឹមថានឹងអាចស្វែងរកក្លឹបថ្មី មុនទីផ្សារដោះដូរបិទ៕