ក្លឹប Arsenal បានចាប់ផ្តើមការប្រកួត Premier League របស់ខ្លួនដោយបានយកឈ្នះទៅលើក្លឹប Wolves ក្នុងលទ្ធផល ២ទល់នឹង០ ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាករ Kai Havertz និង Bukayo Saka។ ជ័យជម្នះនេះបានផ្តល់នូវការចាប់ផ្តើមដ៏ជោគជ័យមួយសម្រាប់ក្រុមកាំភ្លើងធំ ដែលកំពុងតែស្វែងរកការពង្រឹងទម្រង់លេងពីរដូវកាលមុន ខណៈដែលពួកគេស៊ុតបញ្ចូលទីបាន ៩១គ្រាប់នៅ Premier League ។
ទោះបីជាក្លឹប Arsenal មិនទាន់ធ្វើការពង្រឹងណាមួយនៅក្នុងតំបន់ប្រយុទ្ធក៏ដោយ អ្នកសង្កេតការណ៍មួយចំនួនជឿថាការចុះហត្ថលេខាលើអ្នកបញ្ចប់ទីជាចំណែកដែលក្លឹប Arsenal ត្រូវធ្វើ ដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយនឹងក្លឹប Manchester City សម្រាប់ពាន Premier League។ ក្រុមកាំភ្លើងធំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងខ្សែប្រយុទ្ធដ៏ឆ្នើមជាច្រើន រួមមាន Victor Osimhen របស់ Napoli, Benjamin Sesko របស់ RB Leipzig, Alexander Isak របស់ Newcastle និង Viktor Gyokeres របស់ Sporting CP ។ កីឡាករទាំងអស់នេះ នឹងបន្ថែមកម្លាំងនៅក្នុងតំប់ប្រយុទ្ធរបស់ពួកគេ ប៉ុន្តែការកត់សម្គាល់ចុងក្រោយរបស់ Arteta បង្ហាញថាក្លឹបអាចនឹងមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធនៅក្នុងទីផ្សារដោះដូររដូវក្តៅនេះទេ។
ថ្លែងទៅកាន់ talkSPORT បន្ទាប់ពីទទួលបានជ័យជំនះលើក្រុម Wolves លោក Arteta បាននិយាយថា៖ «ខ្ញុំមានជំនឿលើ Havertz យើងមានជំនឿលើ Gabriel Jesus ។ Leandro Trossard បានលេងក្នុងតំណែងនោះ។ ដូច្នេះយើងមានកីឡាករដែលមានគុណភាពនៅតំណែងនេះ ហើយអ្វីដែលល្អបំផុតយើងអាចធ្វើបានគឺជឿជាក់លើកីឡាករដែលយើងមាន ហើយព្យាយាមកែលម្អពួកគេឲ្យល្អនិងមានឆន្ទៈខ្លាំង ហើយនោះជាអ្វីដែលយើងផ្តោតលើ»។
នៅរដូវក្តៅនេះ ក្លឹប Arsenal បានធ្វើការបន្ថែមយ៉ាងសំខាន់ក្នុងក្រុមរបស់ពួកគេរួចហើយ។ ក្រុមកាំភ្លើងធំបានពង្រឹងការការពាររបស់ពួកគេជាមួយនឹងការទិញ Riccardo Calafiori និងពង្រឹងជម្រើសអ្នកចាំទីរបស់ពួកគេដោយបានចុះហត្ថលេខាលើកីឡាករ David Raya ពី Brentford ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ ការផ្ទេរទាំងនេះបង្ហាញថាក្លឹប Arsenal មិនឈរនៅស្ងៀមទេ ដែលជាយុទ្ធសាស្ត្រពង្រឹងផ្នែកសំខាន់ៗរបស់ក្រុម។
នៅតំបន់បម្រើ កីឡាករ Mikel Merino របស់ក្លឹប Real Socieda ក៏កាន់តែខិតជិតក្នុងការផ្ទេរមកកាន់ទីក្រុងឡុងដ៏។ កីឡាករ Merino មិនបានបង្ហាញខ្លួនសម្រាប់ក្លឹប Real Sociedad ក្នុងការប្រកួតនាពេលថ្មីៗនេះរបស់ពួកគេជាមួយក្លឹប Rayo Vallecano ដែលបង្កឱ្យមានការរំពឹងទុកបន្ថែមទៀតថា គាត់អាចធ្វើដំណើរទៅកាន់ទឹកដី Emirates ។
ទោះជាយ៉ាងណាក៏ដោយ Arteta នៅតែបញ្ជាក់យ៉ាងតឹងរ៉ឹងអំពីកិច្ចព្រមព្រៀងដែលមានសក្តានុពល ដោយបាននិយាយថា៖ «នៅពេលដែលពេលវេលាមកដល់ ហើយមានជម្រើស។ នៅពេលដែលទីផ្សារបិទបញ្ចប់ក្នុងលីគនេះ យើងនឹងរួចរាល់»។
ខណៈដែល Arsenal ត្រៀមសម្រាប់ការប្រកួត Premier League លើកក្រោយរបស់ពួកគេជាមួយនឹងក្រុម Aston Villa។ ក្រុមកាំភ្លើងធំនឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Villa Park នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ ដើម្បីបន្តពង្រឹងការចាប់ផ្តើមរដូវកាលដ៏ខ្លាំងរបស់ខ្លួន ដើម្បីរឆ្ពោះទៅកាន់ការលើកពាន Premier League៕