Bayern បញ្ជាក់ពីអនាគតរបស់ Goretzka

0

បន្ទាប់ពីកីឡាករសញ្ជាតិអាឡឺម៉ង់មិនស្ថិតនៅក្នុងក្រុម Bayern Munich ក្នុងការប្រកួតយកឈ្នះក្លឹប Ulm ក្នុងលទ្ធផល៤ទល់នឹង០ សម្រាប់ការប្រកួត DFB-Pokal កាលពីថ្ងៃសុក្រ ធ្វើអោយមានការរំពឹងទុកថាកីឡាករវ័យ ២៩ឆ្នាំអាចនឹងចាកចេញពីក្លឹបយក្សនៅ Bundesliga។ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Florian Plettenberg របស់ Sky Germany បានអោយដឹងថាក្លឹប Bayern កំពុង «បង្កើនសម្ពាធ» ទៅលើគាត់ ហើយចង់បញ្ចុះបញ្ចូលកីឡាកររូបនេះអោយពិចារណាក្នុងការផ្ទេរទៅកាន់ក្លឹបផ្សេង។ ទោះជាយ៉ាងណាក៏ដោយភ្នាក់ងាររបស់កីឡាករ «រំពឹង» ថាគាត់នឹងអាចស្នាក់នៅបន្ត ខណៈកីឡាករចង់បន្តប្រយុទ្ធដើម្បីស្វែងរកកៅអីរបស់ខ្លួន ហើយការចាកចេញទំនងជានៅក្នុងរដូវរងា ប្រសិនជាគាត់មិនអាចស្វែងរកពេលវេលាលេងលើទីលាននោះ។

បន្ទាប់ពីការខកខានរបស់កីឡាករ Goretzka ពីក្រុម គ្រូបង្វឹក Bayern បាននិយាយថា៖ «វាសំខាន់សម្រាប់ពួកយើងក្នុងការនិយាយសាមញ្ញថា យើងតែងតែប្រាស្រ័យទាក់ទងជាមួយកីឡាករ ហើយអ្វីគ្រប់យ៉ាងគឺច្បាស់។ នោះគឺវាសំខាន់សម្រាប់ខ្ញុំ។ ឥឡូវ​យើង​ផ្តោត​តែ​លើ​ការ​ប្រកួត​ប៉ុណ្ណោះ»។

ខណៈពេលដែលគាត់ត្រូវបានគេនិយាយយ៉ាងតឹងរ៉ឹងលើបញ្ហានេះ នាយកកីឡាកររបស់ក្លឹប Bayern លោក Christoph Freund កាន់តែមានភាពស្មោះត្រង់ ដោយលោកបាននិយាយថា៖

«Leon បាននៅ Bayern យូរណាស់មកហើយ។ គាត់ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយជាកីឡាករដ៏អស្ចារ្យម្នាក់។ យើង​បាន​និយាយ​ជាមួយ​គាត់ ហើយ​បញ្ជាក់​ឱ្យ​គាត់​ច្បាស់​ថា មាន​ការ​ប្រកួត​ប្រជែង​ច្រើន​ក្នុង​តំណែង​របស់​គាត់។ យើងមានកីឡាករល្អៗសម្រាប់តំណែងមួយនេះ។ Leon ដឹងរឿងនោះ។ ​នោះ​ហើយ​ជា​មូល​ហេតុ​ដែលមាន​ស្ថាន​ភាព​បែប​នេះ នៅពេលនេះ ហើយ​ហេតុ​អ្វី​បាន​ជា​គាត់​មិន​នៅ​ក្នុង​ក្រុម​ថ្ងៃ​នេះ»។

«មិនមែននៅពេលនេះទេ មិនមានការផ្តល់ជូនណាមួយទេ។ ប៉ុន្តែ​ប្រាកដ​ណាស់ មាន​ការ​ចាប់​អារម្មណ៍​មួយ​ចំនួនចំពោះ​កីឡាករ Leon Goretzka ព្រោះ​គាត់​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់»។

អ្នកសារព័ត៌មាន Plettenberg បានបន្ថែមទៀតថាកីឡាករ Goretzka មានការខកចិត្តចំពោះស្ថានភាពរបស់គាត់នៅក្លឹប Bayern ប៉ុន្តែនៅតែស្មោះត្រង់ មានជំនាញវិជ្ជាជីវៈ និងកំពុងហ្វឹកហាត់បានល្អ នេះបើយោងតាមការបញ្ជាក់របស់លោក Kompany។ គាត់បន្ថែមថាក្លឹបយក្សរបស់អាល្លឺម៉ង់មិនបានកំណត់តម្លៃលើអតីតកីឡាករបស់ក្លឹប Schalke នោះទេ ប៉ុន្តែពួកគេបើកចំហសម្រាប់ការពិភាក្សា។ Goretzka មកចូលរួមជាមួយក្លឹប Bayern តាំងពីឆ្នាំ២០១៨ ដោយស៊ុតបញ្ចូលទីបាន ៤០គ្រាប់ ក្នុងការបង្ហាញខ្លួន ២២១ដង ហើយនៅក្នុងពេលនោះគាត់បានឈ្នះ Champions League និងពានរង្វាន់ Bundesliga និងពានរង្វាន់ក្នុងស្រុកជាច្រើនផងដែរ។ ប្រសិន​បើ​គាត់​ចាកចេញ វា​នឹង​ក្លាយ​ជា​ការ​បញ្ចប់​នៃ​យុគសម័យ​មួយ។

ក្លឹប Bayern នឹងត្រលប់មកធ្វើការប្រកួតវិញនៅថ្ងៃអង្គារ៍ដោយពួកគេនឹងជួបជាមួយ Grasshoppers ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល មុនពេលធ្វើដំណើរទៅកាន់ Wolfsburg សម្រាប់ការប្រកួតបើកឆាក Bundesliga របស់ពួកគេនៅថ្ងៃទី២៥ ខែសីហា។ ប្រសិនបើ Goretzka ត្រូវបានចាកចេញពីការប្រកួតទាំងនោះ គាត់ប្រហែលជាត្រូវពិចារណាពីអនាគតរបស់គាត់៕