អ្នកចាំទីសញ្ជាតិហ្សកហ្ស៊ីបានស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Liverpool ជាពិសេសចំពេលមានពាក្យចចាមអារ៉ាមថាអ្នកចាំទី Alisson ទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត។ របាយការណ៍ពីដើមខែមិថុនាបានអោយដឹងថាក្លឹប Al-Nassr បានរៀបចំសំណើរយ៉ាងច្រើន ដើម្បីទាក់ទាញអ្នកចាំទីសញ្ជាតិប្រេស៊ីលមកកាន់មជ្ឈិមបូព៌ា។ ខណៈពេលដែល Alisson គឺជាកីឡាករសំខាន់ដែលនាំអោយក្លឹប Liverpool ទទួលបានជោគជ័យក្រោមការដឹកនាំរបស់លោក Jurgen Klopp មានការរំពឹងទុកនៃសំណើរដ៏ធំរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីតបានធ្វើអោយហង្សក្រហមពិចារណាលើការស្វែងរកអ្នកចាំទីជំនួស។
អ្នកចាំទី Mamardashvili ដែលបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅ La Liga កាលពីរដូវកាលមុន និងនៅក្នុង Euro ២០២៤ បានធ្វើអោយតម្លៃខ្លួនរបស់គាត់កើនឡើង។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Valencia នៅតែប្រកាន់ជំហររបស់ខ្លួនទាក់ទងនឹងការផ្ទេរដែលអាចបង្ខំ Liverpool ពិចារណាទៅលើការស្វែងរកយុទ្ធសាស្ត្រថ្មី។
លោក Rubén Baraja គ្រូបង្វឹករបស់ Valencia បានលើកឡើងពីពាក្យចចាមអារ៉ាមអំពីការផ្ទេរកីឡាករក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ដែលធ្វើឡើងមុនការប្រកួតរបស់ពួកគេជាមួយ FC Barcelona។ លោក Baraja បានបញ្ជាក់យ៉ាងច្បាស់ថា Mamardashvili គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមរបស់គាត់ ហើយថាមិនមានគម្រោងក្នុងការលក់គាត់នោះទេ។
លោក បានប្រាប់អ្នកសារព័ត៌មានថា៖ «វាសាមញ្ញណាស់។ គាត់ជាកីឡាកររបស់យើង ហើយដរាបណាមិនមានស្ថានភាពផ្សេងទៀត ខ្ញុំនឹងមិនវាយតម្លៃអ្វីនោះទេ»។
«គាត់នៅទីនេះ គាត់ត្រៀមខ្លួនជាស្រេចដើម្បីចូលរួម។ យើងមិនអាចនិយាយអំពីស្ថានភាពដែលមិនទាន់កើតឡើងនៅឡើយទេ»។
ក្លឹប Liverpool មិនមែនជាក្លឹប Premier League តែមួយគត់ដែលសម្លឹងលើ Mamardashvili។ ក្លឹប Newcastle United ក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករសញ្ជាតិហ្សកហ្ស៊ី ដោយមានការរាយការណ៍ថាក្លឹបសារិកាព្រៃ បានដាក់សំណើដេញថ្លៃដំបូងដែលមានតម្លៃ ២៥លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយក្លឹប Valencia បានច្រានចោលនៅសំណើរនេះភ្លាមៗ ដោយបង្ហាញសញ្ញាថាពួកគេមិនចង់ចែកផ្លូវជាមួយអ្នកចាំទីដ៏មានតម្លៃរបស់ពួកគេនោះទេ៕