ក្រុមតោខៀវ នៅតែចង់ទិញកីឡាករចូលបន្ថែមទៀត

0

ក្លឹបតោខៀវ គឺជាក្លឹបមួយដែលសកម្មជាងគេនៅក្នុងទីផ្សាដោះដូរនារដូវក្តៅនេះ ដោយបានចុះហត្ថលេខាយកកីឡាករមួយចំនួនរួចហើយ។ ពួកគេបានបរាជ័យក្នុងការផ្ទេរកីឡាករ Omorodion ពីក្លឹប Atletico Madrid ប៉ុន្តែពួកគេក៏យកបានខ្សែបម្រើស្លាប Neto របស់ក្លឹប Wolves ហើយឥលូវនេះពួកគេសង្ឃឹមថានឹងអាចយកបានកីឡាករ Victor Osimhen ពីក្លឹប Napoli ផងដែរ។ ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា ​បាន​ប្រាប់​ក្លឹបនៅ​អ៊ីតាលី​ថា​គាត់​ចង់​ចាកចេញ​នៅ​រដូវក្តៅ​នេះ។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សារបស់សារព័ត៌មាន Daily Mail បានអោយដឹងថាក្លឹបតោខៀវ នៅតែសម្លឹងរកមើលខ្សែប្រយុទ្ធម្នាក់ទៀតក្នុងជម្រើសដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន បើទោះបីជាពួកគេបានចំណាយប្រាក់យ៉ាងច្រើនរួចមកហើយ។ នៅពេលនេះក្រុមនៅភាគខាងលិចទីក្រុងឡុងដ៏ មានកីឡាករសរុបចំនួន ៤៤នាក់ ហើយពួកគេសម្លឹងរកមើលការលក់កីឡាករចេញខ្លះមុនទីផ្សារដោះដូរបិទ។

ក្នុងចំណោមឈ្មោះកីឡាករដែលអាចនឹងចាកចេញរួមមានកីឡាករ Raheem Sterling ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Juventus ខណៈក្លឹបនៅអ៊ីតាលីចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសដែលមានបទពិសោធន៍រូបនេះ។

ក្រុមរបស់លោក Enzo Maresca នឹងប្រកួតជាមួយនឹងក្រុម Manchester City នៅថ្ងៃទី១៨ ខែសីហា សម្រាប់ក្របខណ្ឌ Premier League៕