លោក Arne Slot សម្លឹងឃើញកីឡាករដែលអាចជំនួស Thiago Alcantara

0

អ្នកចាត់ការថ្មីរបស់ក្លឹបហង្សក្រហមលោក Arne Slot មិនទាន់បានចុះហត្ថលេខាយកកីឡាករថ្មីមកកាន់ក្រុមនៅឡើយទេ ចាប់តាំងពីគាត់មកដល់ក្នុងរដូវក្តៅ ប៉ុន្តែវាអាចនឹងត្រៀមក្នុងការផ្លាស់ប្តូរក្រុម។ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាកីឡាករ Rabiot នឹងអាចផ្ទេរមកកាន់ក្លឹប Liverpool ដោយគ្មានតម្លៃខ្លួន។

គូប្រជែងរបស់ហង្សក្រហម គឺក្លឹប Man Utd បានចាប់អារម្មណ៍ជាយូរណាស់មកហើយទៅលើអតីតខ្សែបម្រើក្លឹប Juventus រូបនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់នៅរដូវក្តៅ ហើយឥឡូវនេះគាត់មិនទាន់មានក្លឹបថ្មីនោះទេ ហើយអាចចុះហត្ថលេខាបានដោយគ្មានតម្លៃខ្លួន។ គាត់បានចូលរួមជាមួយក្លឹប Juventus ក្នុងឆ្នាំ២០១៩ ហើយជាកីឡាករដែលអាចទុកចិត្តបាននៅក្នុងតំបន់បម្រើរបស់ពួកគេ។ គាត់អាចនឹងមកបំពេញនៅចំនុចចន្លោះប្រហោងរបស់ក្លឹប Liverpool ក្នុងតំបន់បម្រើ បន្ទាប់ពីកីឡាករ Thiago Alcantara បានសម្រេចចិត្តចូលនិវត្តន៍។

កីឡាករ Rabiot បានផ្ទេរដោយគ្មានតម្លៃខ្លួនពីក្លឹប PSG មកកាន់ក្លឹប Juventus ក្នុងឆ្នាំ២០១៩។ ចាប់តាំងពីមកដល់អ៊ីតាលី គាត់បានប្រែក្លាយខ្លួនជាខ្សែបម្រើដែលមានភាពច្នៃប្រឌិត ហើយគាត់អាចស៊ុតបញ្ចូលទីបាន ១៣គ្រាប់ សម្រាប់ ២រដូវកាលចុងក្រោយនេះ។

ទម្រង់លេងថ្មីរបស់ក្លឹប Liverpool ត្រូវបានគេរំពឹងទុកថានឹងមានការគ្រប់គ្រង់បាល់ច្រើនជាងមុន ដែលវាខុសពីទម្រង់លេងរបស់លោក Jurgen Klopp។ កីឡាករ Rabiot នឹងអាចជួយផ្តល់នូវទស្សនវិជ្ជាថ្មី ហើយអាចរុញច្រានដល់កីឡាករ Curtis Jones និង Alexis Mac Allister ទៅកាន់កម្រិតថ្មីមួយទៀត៕