តំបន់ប្រយុទ្ធរបស់ក្លឹបបិសាចក្រហមបង្ហាញទម្រង់លេងមិនសូវល្អសម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ខណៈពួកគេបានចាញ់ក្រុម Manchester City ក្នុងការប្រកួត Community Shield ដោយទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ។ កីឡាករ Marcus Rashford ត្រូវបានប្តូរចេញ ក្រោយគាត់បានខកខានឱកាសដ៏ល្អមួយ។
កីឡាកររបស់ក្លឹប Man Utd មួយចំនួនក៏បានជួបបញ្ហារបួសផងដែរ ដោយក្នុងនោះរួមទាំងខ្សែប្រយុទ្ធ Rasmus Hojlund ហើយគាត់ប្រហែលជាមិនអាចបង្ហាញមុខជួយក្រុមមុនខែកញ្ញានោះទេ។ កីឡាករចំណូលថ្មី Joshua Zirkzee បានចូលរួមជាមួយក្លឹបមុនបើករដូវកាល ប៉ុន្តែគាត់នឹងនៅតែចំណាយពេលខ្លះ មុនពេលបង្ហាញខ្លួនលើកដំបូងនៅ Old Trafford ។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថា ដោយសារតែលោក Erik ten Hag ខ្វះជម្រើសក្នុងតំបន់ប្រយុទ្ធ ធ្វើអោយក្លឹបសម្លឹងមើលឃើញខ្សែប្រយុទ្ធវ័យក្មេងរបស់ Brighton កីឡាករ Ferguson ។ ក្លឹបបិសាចក្រហម ជាក្លឹបដែលបានកោតសរសើរទៅលើកីឡាកររូបនេះ ហើយពិចារណាក្នុងការដាក់សំណើរមានតម្លៃ ៥០លានផោន។
កីឡាករ Ferguson បានជួបបញ្ហារបួសមួយចំនួនកាលពីរដូវកាលមុន ខណៈដែលគាត់អាចបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៣៦ នៅគ្រប់ការប្រកួតទាំងអស់ ហើយស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានម្តង។
ក្រៅពីក្លឹបបិសាចក្រហម ក្លឹប Chelsea ក៏បានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរូបនេះផងដែរ ហើយគេនៅតែរង់ចាំមើលថា តើក្រុម Brighton នឹងពិចារណាលក់ខ្សែប្រយុទ្ធវ័យក្មេងរបស់ពួកគេនៅក្នុងទីផ្សាររដូវក្តៅនេះដែរឬទេ៕