លោក Pep Guardiola និយាយអំពីអនាគតកីឡាករសំខាន់ ២រូប

0

បរទេស៖ កីឡាករសញ្ជាតិបែលហ្សិកនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Man City ខណៈខាងក្លឹបនៅ Saudi Pro League បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកគាត់។ កាលពីខែមុន កីឡាករ De Bruyne បានទទួលស្គាល់ថាខាងក្លឹបនៅអារ៉ាប៊ីសាអូឌីតបានប្រើប្រាស់នៅទឹកប្រាក់យ៉ាងច្រើនដើម្បីបញ្ចុះបញ្ចូលគាត់។ ទោះ​បី​ជា​បែប​នេះ​ក្តី លោក Guardiola នៅ​តែ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ហើយ​មាន​ការ​តាំង​ចិត្ត​ក្នុង​ការ​ជឿ​ជាក់​ថាកីឡាករ De Bruyne នឹង​នៅ​តែ​បន្តស្នាក់នៅជាមួយ Man City។

មុនការប្រកួត Pre-Season រវាងក្លឹប Man City និងក្លឹប Celtic នឹងធ្វើឡើងនៅ Chapel Hill រដ្ឋ North Carolina លោក Guardiola បានធានាទៅកាន់អ្នកគាំទ្រថាកីឡាករ De Bruyne នឹងមិនចាកចេញពី Etihad ឡើយ។

លោក Guardiola បានប្រកាសប្រាប់សារព័ត៌មានថា៖ “Kevin មិនចាកចេញទេ។ ប្រសិនបើនរណាម្នាក់ចាកចេញ យើងនឹងនិយាយអំពីរឿងនោះ ហើយពិតណាស់ រហូតដល់ថ្ងៃចុងក្រោយ [នៃទីផ្សារដោះដូរកីឡាករ] យើងមានឱកាស។ ខ្ញុំមិនច្រានចោលនៅការស្វែងរកជម្រើសកីឡាករថ្មីនោះទេ ប៉ុន្តែខ្ញុំគិតថាយើងមានឪកាស ៨០, ៩០, ៩៥% ដែលយើងនឹងនៅធ្វើការជាមួយគ្នា”។

កាលពីរដូវកាលមុន De Bruyne បានដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការឈ្នះពាន Premier League របស់ក្លឹប Man City ដោយបានជួយក្រុមទទួលបានពានរង្វាន់ជាលើកទីបួនជាប់ៗគ្នា និងជាលើកទីប្រាំមួយរបស់គាត់ជាមួយក្លឹប។ ទន្ទឹមនឹងនេះ អ្នកចាំទីជម្រើសដំបូង Ederson ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់មជ្ឈិមបូព៌ាផងដែរ។ ទោះបីជាលោក Guardiola មិនបាននិយាយដោយផ្ទាល់នូវពាក្យចចាមអារ៉ាមនេះក៏ដោយ ប៉ុន្តែការកត់សម្គាល់របស់គាត់បង្ហាញថាក្រុមនៅ​ Premier League នឹងប្រើប្រាស់នៅអ្វីគ្រប់យ៉ាង ដើម្បីកុំអោយកីឡាករសញ្ជាតិប្រេស៊ីសចាកចេញ។

ការការពារតំណែងជើងឯក Premier League របស់ក្លឹប Man City នឹងចាប់ផ្តើមជាមួយនឹងការប្រកួតដ៏លំបាកជាមួយក្លឹប Chelsea នៅថ្ងៃទី១៨ ខែសីហា។ ទោះជាយ៉ាងណាក៏ដោយ មុននោះ ពួកគេនឹងត្រូវប្រកួតជាមួយគូប្រជែង Manchester United នៅថ្ងៃទី១០ ខែសីហា នៅ Wembley ក្នុងការប្រកួតបើករដូវកាលបាល់ទាត់អង់គ្លេស ហៅថា Community Shield៕