បរទេស៖ អនាគតរបស់កីឡាករ Felix នៅតែមិនប្រាកដប្រជា បន្ទាប់ពីការខ្ចីជើងរបស់គេនៅ Barcelona ត្រូវបានបញ្ចប់។ ទោះបីជាចង់ស្នាក់នៅបន្តជាមួយ Camp Nou ក៏ដោយ ក៏អាទិភាពរបស់ក្លឹប Barcelona ហាក់ផ្លាស់ប្តូរឆ្ពោះទៅរកគោលដៅផ្សេងទៀតដូចជាកីឡាករ Nico Williams និង Dani Olmo ។ ក្លឹបយក្សកាតាឡានបានបង្ហាញការស្ទាក់ស្ទើរក្នុងការផ្តល់នៅសំណើរទៅកាន់ក្លឹប Atletico Madrid ក្នុងតម្លៃ ៨០លានអឺរ៉ូ សម្រាប់ផ្ទេរយកកីឡាករ Felix។
ជាមួយនឹងក្លឹប Barcelona ដែលបានបង្ហាញភាពស្ទាក់ស្ទើរក្នុងការដេញថ្លៃ និងខ្ចីជើង ធ្វើអោយក្លឹប Benfica បានចូលមកក្នុងការប្រជែងមួយនេះ ដោយបានដាក់សំណើរផ្ទេរ Felix ក្នុងតម្លៃទាបមួយ។ ខ្សែប្រយុទ្ធដែលបានក្លាយជាកីឡាករថ្លៃបំផុតទី ៤ ក្នុងប្រវត្តិសាស្ត្រនៅពេលដែលគាត់បានផ្ទេរពីក្លឹប Benfica ទៅកាន់ក្លឹប Atletico Madrid ក្នុងតម្លៃ ១១៤លានផោន ក្នុងខែកក្កដា ឆ្នាំ២០១៩ ឥឡូវនេះអាចនឹងវិលត្រឡប់មកកាន់ក្លឹបចាស់វិញជាមួយនឹងតម្លៃ ១២.៧លានផោនប៉ុណ្ណោះ ខណៈក្លឹប Atletico Madrid ទាមទារនៅតម្លៃខ្ពស់ជាង ២១លានផោន។ នៅក្នុងកិច្ចសន្យាផ្ទេរនេះ គ្លឹប Benfica អាចនឹងដាក់បញ្ចូលនៅតម្លៃលក់នាពេលអនាគតចំនួន ៥០% សម្រាប់ក្លឹប Atletico Madrid។
ប្រធានក្លឹប Benfica លោក Rui Costa បានទទួលស្គាល់ថាក្លឹបពិតជាកំពុងពិភាក្សាជាមួយ Atletico មែន ប៉ុន្តែបានបដិសេធមិនបញ្ចេញព័ត៌មានលម្អិតបន្ថែមនៅពេលត្រូវបានសួរអំពីការចរចាសម្រាប់ Felix និង Renato Sanches ។
លោក Costa បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសស្វីសថា៖ “វាមិនមែនគ្រាន់តែជា Di María ទេដែលបានធ្វើវា [ត្រឡប់ទៅ Benfica] នោះទេ។ យើងក៏បានបង្ហាញឱ្យឃើញជាមួយ Gonçalo Guedes ផងដែរ។ អ្វីដែលយើងចង់បានគឺកីឡាករល្អ ហើយប្រសិនបើយើងអាចមានកីឡាករដែលស្គាល់ក្លឹប និងស្គាល់បាល់ទាត់ព័រទុយហ្គាល់ វាគឺជាអត្ថប្រយោជន៍មួយ”។
លោក Costa បានបន្ថែមទៀតថា៖ “ការចរចាកំពុងតែបន្តដូច្នេះហើយមិនគួរត្រូវបានពិភាក្សាជាសាធារណៈទេ ព្រោះវាមិនមានប្រយោជន៍ទេ។ ឈ្មោះកីឡាករជាច្រើនត្រូវបានលើកឡើង ហើយឈ្មោះកីឡាករផ្សេងទៀតក៏ត្រូវបានលើកឡើងផងដែរ”។
ឧបសគ្គចម្បងមួយសម្រាប់ក្លឹប Benfica ក្នុងការចុះហត្ថលេខាយកកីឡាករ Felix មកវិញ គឺប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ៦.៧លានផោន ដែលនឹងធ្វើឱ្យគាត់ក្លាយជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ក្លឹប រួមជាមួយ Angel Di Maria និង Juan Bernat ។ ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ Benfica អាចនឹងពិចារណាលក់ខ្សែការពារ Antonio Silva ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗដូចជា Manchester United, Chelsea និង Newcastle ៕