បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានរាយការណ៍កាលពីថ្ងៃសៅរ៍ថាក្លឹបបិសាចក្រហមបានត្រៀមក្នុងការអនុញ្ញាតអោយកីឡាករ Antony ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះប្រសិនបើក្លឹបណាមួយយល់ព្រមផ្តល់ប្រាក់ឈ្នួល ៧ម៉ឺនផោន ក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់គាត់លោក Junior Pedroso ឥឡូវនេះបានបញ្ជាក់ថា កីឡាករមិនមានចេតនាចាកចេញពី Old Trafford នៅក្នុងទីផ្សារដែលកំពុងដំណើរការនោះទេ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបរាជ័យក្នុងការមកចាប់អាជីពនៅ Premier League បន្ទាប់ពីបានចូលរួមជាមួយពួកគេក្នុងតម្លៃដ៏ខ្ពស់មួយកាលពីរដូវក្តៅឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ គាត់បានបង្ហាញការតស៊ូក្នុងការប្រកួត ២ដងចុងក្រោយ ខណៈអ្នកចាត់ការលោក Erik ten Hag បានអះអាងនាថ្មីៗនេះថាគាត់ជឿជាក់ថា កីឡាករ Antony នៅតែអាចផ្តល់អោយក្លឹបបានទៀត។
ថ្លែងទៅកាន់ Fabrizio Romano លោក Pedroso បាននិយាយថា៖ “ខ្ញុំឃើញព័ត៌មានអំពីការចាកចេញដែលមានសក្តានុពលក្នុងលក្ខខណ្ឌខ្ចីជើង។ ផែនការរបស់ Antony គឺច្បាស់ណាស់សម្រាប់ Manchester United ។ គាត់ចង់បន្តស្នាក់នៅ គាត់ផ្តោតលើ Man United តែប៉ុណ្ណោះ។ យើងបាននិយាយរួចហើយអំពីរឿងនោះជាមួយក្លឹប”។
បន្ទាប់ពីខកខានការប្រកួតមិត្តភាពមុនបើករដូវកាលចំនួនពីរលើកចុងក្រោយរបស់ក្លឹបដោយសារបញ្ហារបួស ខ្សែបម្រើស្លាបរូបនេះនឹងរួមដំណើរជាមួយក្រុម United ទៅសហរដ្ឋអាមេរិក ដែលពួកគេគ្រោងនឹងប្រកួតមិត្តភាពជាបន្តបន្ទាប់៕