បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Telegraph កាលពីថ្ងៃសុក្រទាក់ទង់នឹងការបរាជ័យទៅលើការលក់ក្លឹប Everton ដែលវាអាចជាកត្តាមួយនឹងធ្វើអោយក្លឹប Man Utd បន្តការចាប់អារម្មណ៍របស់ខ្លួនសម្រាប់ការផ្ទេរយកកីឡាករ Branthwaite បើទោះបីជាសំណើរចំនួន ២របស់ខ្លួនត្រូវបានបដិសេធដោយក្លឹប Evertonក៏ដោយ។ ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះក្លឹប United បានប្រាប់ទៅកាន់ក្លឹប Everton ថានឹងមិនមានអ្វីផ្លាស់ប្តូរនោះឡើយ បន្ទាប់ពីពួកគេបានបដិសេធក្នុងការលក់កីឡាករវ័យ ២២ឆ្នាំ លុះត្រាតែទទួលបានតម្លៃតាមការទាមទាររបស់ពួកគេ។
នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Everton បានកំណត់តម្លៃ Branthwaite ដូចទៅនឹងតម្លៃផ្ទេរកីឡាករ Harry Maguire, Wesley Fofana និង Josko Gvardiol ដែលបានធ្វើឡើងនាពេលកន្លងមក។ តម្លៃនោះប្រមាណ ៧០-៨០លានផោន។ សំណើរបើករបស់ក្លឹប United សម្រាប់ខ្សែការពាររូបនេះ មានតម្លៃប្រមាណ ៣៥លានផោន បូកនឹងតម្លៃបន្ថែម ៨លានផោន ហើយពួកគេក៏បានផ្ញើរនៅសំណើរទី២ មានតម្លៃ ៤៥លានផោន បូកនឹងតម្លៃបន្ថែម ៥លានផោន។
ចំណាប់អារម្មណ៍របស់ Man Utd លើ Branthwaite មិនបានថយចុះនោះទេ បើទោះបីជាពួកគេបានចុះហត្ថលេខាយកខ្សែការពារ Leny Yoro ក្នុងតម្លៃ ៥២លានផោនមកកាន់ទឹកដី Old Trafford។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនឹងមិនចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេសទេ លុះត្រាតែក្លឹប Everton ទម្លាក់តម្លៃដែលពួកគេបានទាមទារ។
INEOS នឹងបន្តធ្វើឱ្យប្រសើរឡើងនូវក្រុមរបស់លោក Erik ten Hag ជាមួយនឹងកិច្ចព្រមព្រៀងសក្តានុពលជាមួយកីឡាករ Matthijs de Ligt និងកីឡាករ Manuel Ugarte។ បិសាចក្រហមនឹងហោះហើរទៅកាន់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ សម្រាប់ដំណើរទេសចរណ៍មុនបើករដូវកាលរបស់ពួកគេ ដែលពួកគេនឹងត្រូវជួបគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ដូចជាក្លឹប Arsenal និង Liverpool នឹងក្រុម Real Betis របស់ La Liga ៕