ក្លឹប United ត្រូវការយ៉ាងខ្លាំងក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ដើម្បីផ្តល់ការប្រកួតប្រជែងជាមួយនឹងកីឡាករ Rasmus Hojlund។ សម្រាប់ទីផ្សារដោះដូរនាខែមករា មិនមានការបន្ថែមកីឡាករសម្រាប់ក្រុមរបស់លោក Erik Ten Hag នោះទេ ដោយការផ្ទេរនឹងត្រូវធ្វើឡើងនៅរដូវក្តៅនេះវិញ ហើយកីឡាករ Zirkzee ដែលបង្ហាញទម្រង់លេងយ៉ាងល្អនៅក្លឹប Bologna បានក្លាយជាគោលដៅសំខាន់របស់ក្លឹប។
ក្លឹប AC Milan ហាក់ដូចជាកំពុងនាំមុខគេក្នុងការប្រជែងយកកីឡាករ Zirkzee បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធរូបនេះ។ ទោះបីជាយ៉ាងណាក៏ដយ ការចរចាហាក់មានបញ្ហាក្រោយភ្នាក់ងាររបស់កីឡាករ Zirkzee លោក Kia Joorabchian បានទាមទារតម្លៃជើងសារ ១៥លានអឺរ៉ូបន្ថែមទៀត។ បញ្ហានេះបានផ្តល់ផ្លូវសម្រាប់ក្លឹប Manchester United ក្នុងការផ្ទេរខ្សែប្រយុទ្ធហូឡង់រូបនេះ។
នាយកបច្ចេកទេសក្លឹប Bologna លោក Sartori បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Sky Sport Italia កាលពីថ្ងៃច័ន្ទថា៖ «កីឡាករ Zirkzee មានលក្ខខណ្ឌ ដូច្នេះគាត់នឹងអាចចាកចេញ ៩៩.៩ភាគរយ។ យើងបានគិតអំពីជម្រើសក្នុងការមកជំនួសគាត់ហើយក្នុងរយៈពេលជាច្រើនខែមកនេះ។ វាមិនមែនងាយស្រួលនោះទេ ប៉ុន្តែយើងត្រូវធ្វើការលើការស្វែងរកអ្នកជំនួសគាត់ ហើយយើងបានកំណត់ឈ្មោះកីឡាករមួយចំនួនរួចហើយ»។
ទម្រង់លេងរបស់កីឡាករ Zirkzee នៅក្លឹប Bologna បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើន។ កាលពីរដូវកាលមុន គាត់បានស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដងនៅក្នុងការប្រកួតទាំងអស់ ដោយបង្ហាញពីសក្តានុពលរបស់គាត់ក្នុងនាមជាខ្សែប្រយុទ្ធលំដាប់កំពូល។
ក្លឹប Manchester United បានកំណត់អត្តសញ្ញាណកីឡាករដែលមានសក្តានុពលជាច្រើន ហើយកីឡាករ Zirkzee ឈរនៅកំពូលតារាងជាមួយនឹងកីឡាករ Jonathan David របស់ក្លឹប Lille ។ ខ្សែប្រយុទ្ធសញ្ជាតិកាណាដា David ដែលនៅសល់កុងត្រាតែមួយឆ្នាំជាមួយក្លឹបបារាំង គឺជាបេក្ខភាពខ្លាំងម្នាក់ទៀតក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ Man Utd។ ហើយនៅពេលដែលលោក Ten Hag ត្រៀមខ្លួនសម្រាប់រដូវកាលទី 3 របស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់បិសាចក្រហម សម្ពាធគឺនៅលើការកសាងក្រុមដែលមានសមត្ថភាពប្រកួតប្រជែងជាមួយក្លឹបកំពូលៗ។ ជាមួយនឹងការចាកចេញរបស់ Anthony Martial ដោយគ្មានតម្លៃខ្លួន ធ្វើអោយតម្រូវការសម្រាប់តំបន់ប្រយុទ្ធគឺកាន់តែមានភាពចាំបាច់៕