ក្លឹបបិសាចក្រហមបានចាប់អារម្មណ៏ទៅលើខ្សែបម្រើកណ្តាលរបស់ក្លឹប Benfica ជាមួយនឹងរបាយការណ៍និយាយថាពួកគេនឹងសុខចិត្តចំណាយប្រាក់ជាង ១០០លានអឺរ៉ូ ដើម្បីផ្ទេរយករូបគាត់។
តារាឆ្នើម Silva របស់ក្លឹប Manchester City បាននិយាយជាមួយនឹងខ្សែបម្រើការពារវ័យ ១៩ឆ្នាំរូបនេះថា ចង់លេងជាមួយគាត់ក្រោមការដឹកនាំរបស់លោក Pep Guardiola ដូចទៅនឹងការលេងនៅក្រុមជម្រើសជាតិ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានសារភាពថាកីឡាករ Neves ត្រូវតែសម្រេចចិត្តដោយខ្លួនឯង។
កីឡាករ Silva បានបញ្ជាក់យ៉ាងនេះថា៖ «ខ្ញុំបានប្រាប់គាត់ឱ្យទៅ Manchester City។ វាមិនងាយស្រួលទេ។ គាត់ជាកីឡាករម្នាក់ដែលមានភាពជោគជ័យកាលពីរដូវកាលមុន ហើយមានក្លឹបជាច្រើនចង់បានគាត់។ ក្នុងនាមជាកីឡាករជម្រើសជាតិព័រទុយហ្គាល់ដូចគ្នា និងជាកីឡាករដែលខ្ញុំពេញចិត្ត ខ្ញុំចង់ឃើញគាត់នៅក្បែរខ្ញុំ។ ប៉ុន្តែខ្ញុំចង់បានអ្វីដែលល្អបំផុតសម្រាប់គាត់។ ខ្ញុំមិនចាំបាច់បញ្ចុះបញ្ចូលគាត់ទេ។ Joao Neves កំពុងតែជឿជាក់ជាមួយនឹងវិធីដែលគាត់ធ្វើ ជាមួយនឹងថាមពលដែលគាត់បាននាំយកមកក្នុងការប្រកួត វានឹងមានភាពងាយស្រួលសម្រាប់ក្លឹបជាច្រើនក្នុងការប្រជែងគ្នា។ គាត់នឹងធ្វើការសម្រេចចិត្ត សូមឲ្យវាជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់គាត់។ ប្រសិនបើគាត់បន្តថាមពលនេះ គាត់មានអនាគតល្អនៅពីមុខគាត់»។
មុនពេលគាត់ពិចារណាការផ្លាស់ប្តូរចេញពី Benfica នៅរដូវក្តៅនេះ Neves សង្ឃឹមថានឹងបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍មួយសម្រាប់ព័រទុយហ្គាល់នៅ Euro ២០២៤។ ពួកគេត្រូវប្រកួតជាមួយនឹងប្រទេស ទួរគី ហ្សកហ្ស៊ី និងសាធារណរដ្ឋឆេក៕