ក្លឹប West Ham មានផែនការក្នុងការចុះហត្ថលេខាយកកីឡាករ ៤នាក់ ដើម្បីមកពង្រឹងនៅក្រុមជម្រើសដំបូង ខណៈលោក Julen Lopetegui កំពុងធ្វើការកែប្រែក្រុម។
នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្រុមញញួរធំកំពុងធ្វើការកំណត់គោលដៅលើខ្សែការពារ ២រូប រួមជាមួយនឹងខ្សែបម្រើ និងខ្សែប្រយុទ្ធម្នាក់ ដើម្បីកសាងក្រុមរបស់ពួកគេឡើងវិញតាមទម្រង់ដែលលោក Lopetegui ចង់បាន។
ក្លឹប West Ham បានរាយការណ៍ថាកំពុងតាមប្រមាញ់កីឡាករ Max Kilman របស់ក្លឹប Wolves បន្ទាប់ពីការចរចាក្នុងការចុះហត្ថលេខាយកកីឡាករ Fabricio Bruno ពីក្លឹប Flamengo ត្រូវបរាជ័យ។ ក្រុមការងាររបស់ក្លឹបកំពុងស្ថិតនៅប្រទេសប្រេស៊ីលដើម្បីបញ្ចប់ការផ្ទេរកីឡាករ Luis Guilherme មកកាន់អង់គ្លេសពីក្លឹប Palmeiras៕