ភាគហ៊ុនរបស់ INEOS នៅក្នុងក្លឹប United និង Nice បានបង្កភាពច្របូកច្របល់ដោយសារតែក្រុមទាំងពីរមានសិទ្ធិសម្រាប់លេងនៅ Europa League នៅរដូវកាលក្រោយដូចគ្នា ស្របពេលដែលច្បាប់របស់ UEFA រារាំងក្រុមដែលម្ចាស់តែមួយលេងនៅក្នុងពានជាមួយគ្នា។
នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាដោយសារតែផ្នែកខ្លះនៃភាពស្មុគស្មាញទាក់ទងនឹងច្បាប់របស់ UEFA បានធ្វើអោយ INEOS ត្រៀមលក់ភាគហ៊ុនក្លឹបបារាំង។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះក៏ត្រូវលើកទឹកចិត្តដោយ លោក Sir Jim Ratcliffe ដែលគាត់ផ្តោតលើតែក្លឹប United ចាប់តាំងពីការកាន់កាប់ភាគហ៊ុនតិចតួចកាលពីដើមឆ្នាំនេះ។
ក្លឹប United និង Nice មិនប្រាកដក្នុងចិត្តថាតើ UEFA នឹងដោះស្រាយរឿងក្តីរបស់ពួកគេសម្រាប់ Europa League នៅរដូវកាលក្រោយយ៉ាងដូចម្តេច? គេរំពឹងថាស្ថាប័នគ្រប់គ្រងនឹងដើរតាមផ្លូវដូចគ្នាដែលវាបានធ្វើកាលពីរដូវកាលមុនទាក់ទងនឹងក្លឹប AC Milan និង Toulouse ដែលមានម្ចាស់ភាគហ៊ុនតែមួយ។ ក្លឹបត្រូវបានរារាំងពីការផ្ទេរកីឡាកររវាងគ្នាទៅវិញទៅមក ហើយក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើមូលដ្ឋានទិន្នន័យ និងទិន្នន័យកីឡាករ និងមានការរឹតបន្តឹងផ្សេងទៀត។
INEOS សង្ឃឹមថានឹងបំបាត់នៅបញ្ហាដែលទាក់ទងនឹងម្ចាស់ក្លឹបនេះ ដោយពួកគឹនឹងលក់ភាគហ៊ុនក្លឹប Nice។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពហិរញ្ញវត្ថុមិនច្បាស់លាស់របស់បាល់ទាត់បារាំង អាចរារាំងការស្វែងរកអ្នកទិញរបស់ពួកគេនៅក្នុងប៉ុន្មានខែខាងមុខនេះ៕