ត្រលប់ទៅកាន់ខែមករា លោក Xavi បានបញ្ជាក់អំពីការចាកចេញពីតំណែងជាអ្នកចាត់ការនៅ Camp Nou នៅចុងបញ្ចប់នៃរដូវកាល ២០២៣-២៤ នេះ។ ក្លឹប Barcelona បានឈានដល់វគ្គ 1/4ផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Champions League ហើយកំពុងតាមពីក្រោយក្លឹប Madrid ក្នុងការប្រជែងពាន La Liga ដែលកត្តាទាំងនេះអាចបង្ហាញអោយឃើញថាលោក Xavi អាចនឹងត្រូវធ្វើការពិភាក្សាក្នុងការបន្តដឹកនាំទៀត។
ក្លឹប Barca ជឿជាក់ថាការផ្ទេរយកនៅកីឡាករនៅទីផ្សារដោះដូរខាងមុខ នឹងអាចជួយពួកគេក្នុងការបញ្ចុះបញ្ចូលគ្រូបង្វឹកបច្ចុប្បន្ន អោយទទួលបានជោគជ័យបន្ថែមទៀត។ ហើយបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាខ្សែប្រយុទ្ធន័រវេសកីឡាករ Haaland នឹងក្លាយជាគោលដៅរបស់ក្លឹបនាទីផ្សារដោះដូររដូវក្តៅ ២០២៥។
កីឡាករ Haaland ក៏មានព័ត៌មានចចាមអារាមក្នុងការផ្ទេរទៅកាន់ក្លឹប Madrid ដែលអាចធ្វើអោយគាត់ក្លាយជាកីឡាករ «ថ្លៃជាងគេ» នៅ Santiago Bernabeu ប៉ុន្តែក្លឹប Barcelona មានជំនឿចិត្តថាពួកគេអាចប្រជែង ដើម្បីក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធរូបនេះបាន។ កីឡាករ Haaland មានកុងត្រាជាមួយនឹងក្លឹប Man City ដល់ឆ្នាំ២០២៧ ។
ក្លឹប Barca មានបំណងចង់ស្វែងរកនៅជម្រើសមកជំនួសកីឡាករ Robert Lewandoski ប្រសិនជាគាត់ចាកចេញពីក្លឹប ខណៈគាត់នឹងឈានដល់វ័យ ៣៦ឆ្នាំ នៅខែសីហាខាងមុខ។ កីឡាករ Haaland បានក្លាយជាជម្រើសដ៏ស័ក្តិសម និងយូរអង្វែងសម្រាប់ Barca ហើយក៏ជាកត្តាជួយអោយលោក Xavi ព្រមបន្តស្នាក់នៅ Barca ដូចគ្នា៕