ប្រសិនបើក្លឹប Barcelona មិនអាចមានលទ្ធភាពចុះហត្ថលេខាលើកីឡាករ Joao Cancelo របស់ក្លឹប Manchester City ក្នុងកិច្ចសន្យារយៈពេលវែង នោះក្លឹប Arsenal អាចជាក្លឹបដែលបានផ្ទេរយកខ្សែការពាររូបនេះសម្រាប់រដូវក្តៅ។
កុងត្រារបស់កីឡាករ Cancelo ជាមួយនឹងក្លឹប Man City មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧ ប៉ុន្តែបន្ទាប់ពីបាត់បង់ទំនុកចិត្តពីសំណាក់លោក Pep Guardiola វាបានបង្ហាញអោយឃើញថា Cancelo នឹងមិនអាចលេងនៅកីឡដ្ឋាន Etihad នាពេលអនាគតនោះទេ។
កីឡាករ Cancelo បាននិយាយបើកចំហថាគាត់ចង់បន្តស្នាក់នៅជាមួយក្លឹប Barcelona ជាអចិន្ត្រៃយ៍ ស្របពេលដែលក្លឹប Man City បានបញ្ជាក់ថាអំពីបំណងនឹងអនុញ្ញាតអោយគាត់ចាកចេញនៅរដូវក្តៅនេះ។
យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Barca បានរារាំងពួកគេមិនឱ្យចំណាយប្រាក់ ៤០លានផោនក្នុងការផ្ទេរយក Cancelo ពីក្លឹប Man City ជាអចិន្ត្រៃយ៍នោះទេ។ នៅពេលនេះ ត្រូវបានគេដឹងថាក្លឹបយក្សនៅអេស្ប៉ាញមួយនេះ មិនមានបំណង់ក្នុងការបង់ប្រាក់អ្វីនោះទេ លើសពីតម្លៃក្នុងការខ្ចីជើង៕