លោក Gareth Southgate បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ Walker

0

អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​អះអាង​ថា បញ្ហា​របស់ Walker អាច​ជា​ការ​ព្រួយបារម្ភ​មួយ​របស់​ក្រុម​ជម្រើស​អង់គ្លេស​។ លោក​បាន​អះអាង​បន្ថែម​ថា ក្រុម​គ្រូពេទ្យ​នឹង​តាមដាន​ស្ថានភាព​របស់​កីឡាករ​មុន​នឹង​ផ្តល់​ការ​វាយតម្លៃ​លើ​រូបគេ​។

កាលពី​ថ្ងៃ​សៅរ៍ តារា​ឆ្នើម​របស់​ក្លឹ​ប Manchester City ត្រូវ​បាន​គេ​ប្តូ​ចេញ​ក្រោយ​ចូល​លេង​បាន​ត្រឹមតែ​២០​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ប្រទេស​ប្រេ​ស៊ី​ល ដោយសារ​តែ​មាន​បញ្ហារ​របួស​សរសៃពួរ​។

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​និយាយ​ប្រាប់ Channel 4 ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ «​យើង​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។ គាត់​មាន​អារម្មណ៍​អ្វីមួយ ប៉ុន្តែ​គាត់​មិនមែន​ជា​កីឡាករ​ដែល​ជួប​បញ្ហា​របួស​ញឹកញាប់​នោះ​ទេ ដូច្នេះ​គាត់​មិន​ច្បាស់​ថា​វា​ជា​អ្វី​នោះ​ទេ​។ យើង​ត្រូវ​ធ្វើការ​តាមដាន និង​ធ្វើការ​វាយតម្លៃ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​»​។

ក្លឹ​ប Man City ក៏​បាន​ធ្វើការ​តាមដាន​ទៅ​លើ​ស្ថានភាព​របួស​របស់​ខ្សែការពារ​រូប​នេះ ខណៈ​ពួក​គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​កំពូល​តារាង Premier League គឺ​ក្លឹ​ប Arsenal នៅ​ស​ប្តា​ហ៍​បន្ទាប់​។ វត្តមាន​របស់​កីឡាករ Walker នៅ​ក្នុង​តំបន់​ការពារ​របស់​ពួក​គេ​គឺ​មាន​សារៈសំខាន់​ក្នុង​ជំនួប​មួយ​នេះ ខណៈ​ក្រុម​របស់​លោក Pep Guardiola កំពុង​តាម​ពីក្រោយ​ក្រុម​កាំភ្លើង​ធំ​ចំនួន ១​ពិន្ទុ​។

កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ ទំនងជា​មិន​អាច​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​បាន​ទេ ខណៈ​ដែល​ពួក​គេ​នឹង​ប៉ះ​បែ​ល​ហ្សិ​ក​ក្នុង​ការ​ប្រកួត​មិត្តភាព​បន្ទាប់​ទៀត​របស់​ពួក​គេ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​។ ប្រសិនជា​អវត្តមាន​មែន គាត់​នឹង​ត្រូវ​ស្ថិត​នៅ​ក្នុង​ប​ញ្ចី​របួស​ជាមួយ​កីឡាករ Harry Kane ដែល​ត្រូវ​បាន​លោក Southgate បញ្ជាក់​អំពី​ការ​ដកខ្លួន​របស់ Harry Kane ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​៕