ការចាកចេញរបស់ Van de Beek ទៅកាន់ Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាកន្លងទៅ អាចជាឱកាសមួយសម្រាប់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ក្នុងការធ្វើអោយជីពបាល់ទាត់របស់គាត់មានការប្រែប្រួលមកវិញ បន្ទាប់ពីធ្វើការតស៊ូយ៉ាងខ្លាំងនៅក្លឹប Man Utd ក្រោយផ្ទេរមកពីក្លឹប Ajax។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Frankfurt មានការស្ទាក់ស្ទើរក្នុងការទិញផ្តាច់កុងត្រារបស់គាត់ពីក្លឹប Man Utd ដែលមានតម្លៃ ៨.៥លានផោន បន្ទាប់ពីគាត់បង្ហាញទម្រង់លេងមិនសូវល្អ។ ពួកគេប្រហែលជានឹងអនុញ្ញាតអោយគាត់ត្រលប់ទៅកាន់ Old Trafford វិញ ក្រោយបញ្ចប់ការខ្ចីជើង។
ខណៈពេលដែលក្លឹប Eintracht Frankfurt ដឹងថាការមកដល់របស់ Van der Beek គឺស្ថិតនៅក្នុងលក្ខខណ្ឌមិនសូវល្អ ដែលវាមានបញ្ហាជាច្រើនមុននឹងគាត់មកក្លឹបនៅអាឡឺម៉ង់មួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយទម្រង់លេងរបស់ខ្សែបម្រើរូបនេះ មិនបានតាមអ្វីដែលក្លឹបនៅអាឡឺម៉ង់ចង់បាននោះទេ។ គាត់ត្រូវបានគ្រូបង្វឹកក្លឹប Eintracht Frankfurt លោក Dino Toppmoller បានផ្តល់ឱកាសជាច្រើនដង ប៉ុន្តែគាត់តែងតែបរាជ័យក្នុងការចាប់យកឱកាសទាំងនោះ។
កីឡាករ Van de Beek ទើបតែលេងបាន ៤ប្រកួតប៉ុណ្ណោះនៅក្នុងប្រទេសអាឡឺម៉ង់ ចាប់តាំងពីមកចូលរួមជាមួយនឹងក្លឹប Frankfurt ។ ទម្រង់លេងមិនសូវល្អរបស់គាត់បានធ្វើអោយមានការខកចិត្តពីសំណាក់ក្រុមប្រឹក្សាភិបាលរបស់ក្លឹប ហើយនឹងជំរុញអោយក្លឹបធ្វើការពិចារណាឡើងវិញនូវផែនការដែលចង់រក្សាទុកគាត់ក្នុងរយៈពេលវែង។
ភាពមិនប្រាកដប្រជាជុំវិញអនាគតរបស់កីឡាករ Van de Beek បានក្លាយជាបញ្ហាចំពោះផែនការដោះដូរកីឡាកររបស់ក្លឹប Man Utd ខណៈដែលពួកគេកំពុងស្វែងរកនៅការដោះដូរពង្រឹងក្រុមសម្រាប់ត្រៀមយុទ្ធធានាការរដូវកាលក្រោយ។ ការវិវឌ្ឈន៍ថ្មីនេះ បានក្លាយជាឧបសគ្គសម្រាប់ក្លឹប និងកីឡាករ ដែលធ្លាប់មានសង្ឃឹមថាការខ្ចីជើងមួយនេះ អាចទទួលបានជោគជ័យបន្ថែមទៀតសម្រាប់ក្លឹប Eintracht Frankfurt៕